(ភ្នំពេញ)៖ ការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅលើផ្ទៃសាគរនាតំបន់ឆ្នេរសុខា ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ១, ប្រាក់ ៤ និងសំរឹទ្ធ ៣ ។

ព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់ មកពី ៣ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី(សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលប្រកួតលើ ៥វិញ្ញាសា រួមមានវិញ្ញាសា RS:One, ILCA6, ILCA7, Techno 293 និងវិញ្ញាសា ILCA4 តែវិញ្ញាសា ILCA4 នេះ កម្ពុជា ពុំបានបញ្ជូនអត្តពលិកចូលរួមប្រកួតនោះទេ ។

ជាលទ្ធផលនៃការប្រកួត ក្រុមកីឡាទូកក្ដោងកម្ពុជា បានឈរលេខរៀងទី២ ក្នុងចំណោម ៣ប្រទេស ដែលដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ១, ប្រាក់ ៤ និងសំរឹទ្ធ ៣ ។ រីឯសិង្ហបុរី ឈរលេខ១ ដោយដណ្ដើមបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស ៥, ប្រាក់ ២ និងសំរឹទ្ធ ៤ និងក្រុមកីឡាទូកក្ដោងម៉ាឡេស៊ី ឈរលេខរៀងទី៣ ដណ្ដើមបានមេដាយ ២គ្រឿង គឺមេដាយមាស ១ និងប្រាក់ ១ ។

ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតវិញ្ញាសានីមួយៗ រួមមាន៖

១. វិញសា Windsurfing RS:One

- លេខ១ កម្ពុជា ឈ្មោះ ប៉ាល់ សិលា
- លេខ២ កម្ពុជា ឈ្មោះ សែម ប្រុសពៅ
- លេខ៣ កម្ពុជាឈ្មោះ ហេន សុភី

២. វិញាសា Windsurfing Techno 293

+សេរីបុរស-នារី (Overall)
- លេខ១ សឹង្ហបុរី ឈ្មោះ DAVID NG TIONG GEE
- លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
- លេខ៣ សឹង្ហបុរី ឈ្មោះ ANGEL CHEW

+ផ្នែកយុវជន
- លេខ១ សឹង្ហបុរី ឈ្មោះ DAVID NG TIONG GEE
- លេខ២ កម្ពុជា ឈ្មោះ កែវ ភារុណ
- លេខ៣ កម្ពុជា ឈ្មោះ កែវ ភានុន

៣. វិញាសា ILCA 7

- លេខ១ ម៉ាឡេស៊ី ឈ្មោះ ASYRAAF BIN MOKHTAR
- លេខ២ កម្ពុជា ឈ្មោះ ញូវ ចាន់
- លេខ៣ កម្ពុជា ឈ្មោះ ឡុច ដារ៉ុង

៤. វិញាសា ILCA 6

+សេរីបុរស-នារី (Overall)
- លេខ១ សឹង្ហបុរី ឈ្មោះ LIM KHOON LENG
- លេខ២ សឹង្ហបុរី ឈ្មោះ CHEUNG KAI JENG KEENAN
- លេខ៣ សឹង្ហបុរី ឈ្មោះ FONG JUN RAY

+ផ្នែកបុរស
- លេខ១ សឹង្ហបុរី ឈ្មោះ LIM KHOON LENG
- លេខ២ សឹង្ហបុរី ឈ្មោះ CHEUNG KAI JENG KEENAN
- លេខ៣ សឹង្ហបុរី ឈ្មោះ FONG JUN RAY

៥. វិញាសា ILCA 4 (មិនមានកីឡាករកម្ពុជាចូលរួមទេ)

- លេខ១ សឹង្ហបុរី ឈ្មោះ RUSSELL AUGGUSTINE YOM
- លេខ២ ម៉ាឡេស៊ី ឈ្មោះ MUHAMMAD ASAWA IQBAL BIN ADAM
- លេខ៣ សឹង្ហបុរី ឈ្មោះ NADINE SNG WEN TING

ជាមួយការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ កម្ពុជាបានទទួលការកោតសរសើរពីជំនាញការអន្ដរជាតិ ពិសេសលោក Chan Khun Sing Joseph ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលមានធនធានមានសមត្ថភាពគ្រប់គ្រាន់ អាចរៀបចំការប្រកួតអន្ដរជាតិ ដោយខ្លួនឯង ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ស្របពេលឆ្នេរសមុទ្រកម្ពុជា មានលក្ខណៈស្ដង់ដារអាចរៀបចំការប្រកួតអន្ដរជាតិបាន ។

ជំនាញការអន្ដរជាតិដដែល បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា ទើបទទួលធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិលើកដំបូង ប៉ុន្ដែកម្ពុជា បានរៀបចំ និងទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវចូលរួមព្រឹត្តិការណ៍នេះ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បន្ទាប់ពីបានចូលរួមការប្រកួតនៅកម្ពុជា សូមប្រាប់ទៅមិត្តភ័ក្ដ្រ បងប្អូនវិញថា ឆ្នេរសមុទ្រនៅកម្ពុជាពិតជាស្រស់ស្អាតខ្លាំងណាស់ទៀតផង ៕