(ប៉ារីស)៖ តារាបាល់ទាត់បារាំង Kylian Mbappe បានឲ្យដឹងថា លោកនឹងសហការជាមួយនឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ប្រណីតរបស់បារាំង Dior ក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

«ខ្ញុំរីករាយក្នុងការប្រកាសថា ខ្ញុំឥឡូវនេះជាផ្លូវការក្លាយជាផ្នែកមួយនៃក្រុមហ៊ុន Maison Dior។ ខ្ញុំកំពុងទន្ទឹងរង់ចាំក្នុងការចែករំលែក នូវការសហការរបស់ពួកយើងនៅក្នុងផ្នែកសម្លៀកបំពាក់បុរស និងទឹកអប់ម៉ាក Sauvage»។ នេះបើតាមកីឡាករ Mbappe បានសរសេរលើ Twitter។

Twitter របស់ Mbappe បានបញ្ជាក់ពីការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Dior បានតែងតាំង Mbappe ជាទូតសុឆន្ទៈជាសកលថ្មីរបស់ខ្លួន។

ក្នុងខែកញ្ញា Dior បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ដើម្បីរចនាម៉ូដសម្លៀកបំពាក់សម្រាប់ក្លិបបាល់ទាត់ Paris St. Germain ដែល Mbappe កំពុងលេងឲ្យ ជាការសហការលើកដំបូងរបស់ខ្លួនជាមួយនឹងក្រុមកីឡា។

ការសហការនេះ នឹងផ្សារភ្ជាប់ក្រុមហ៊ុន Dior ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន LVMH ដើម្បីផ្តោតលើម៉ូដសម្លៀកបំពាក់តាមដងផ្លូវ ផ្សារភ្ជាប់ជាមួយនឹងសម្លៀកបំពាក់បែបប្រណីត ដើម្បីទាក់ទាញអតិថិជនវ័យក្មេង៕