(រ៉ូម)៖ លីគប្រកួតបាល់ទាត់កំពូលរបស់អ៉ីតាលី Serie A បានឲ្យដឹងថា ៩៨ភាគរយនៃកីឡាកររបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២ដូសរួចរាល់ហើយ ដែលបានជួយឲ្យលីគមួយនេះមិនទទួលរងនូវការប៉ះពាល់ដោយសារមេរោគ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

លីគបាល់ទាត់មួយនេះមិនបានរងការរំខានធ្ងន់ធ្ងរ ដោយសារការរីករាលដាលនៃមេរោគក្នុងរដូវកាលនេះនោះទេ ជាមួយនឹងចំនួនករណីវិជ្ជមាន ស្ថិតក្នុងចំណោមកីឡាករនៅតែមានកម្រិតទាប។

ស្ថានភាពនេះផ្ទុយស្រឡះពីលីគនៅអង់គ្លេស ជាទីកន្លែងដែលការប្រកួតពាក់កណ្តាលសប្តាហ៍ចំនួន ៣ប្រកួតត្រូវបានពន្យារពេល ហើយពាក់កណ្តាល នៃការប្រកួតលីគ Premier League ចំនួន ១០ប្រកួតនៅចុងសប្តាហ៍នេះ ត្រូវបានស្នើឲ្យពន្យារពេលដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងថ្មីអូមីក្រុង បានកើនឡើងទ្វេរដងនៅទូទាំងប្រទេស។

Serie A បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រថា ៩៨ភាគរយនៃកីឡាកររបស់ខ្លួន បានទទួលវ៉ាក់សាំង ២ដូស ប៉ុន្តែថាពួកគេមិនមានទិន្នន័យ ស្តីពីភាគរយនៃកីឡាករបានទទួលដូសទី៣ នោះទេ។

ទិន្នន័យពី Premier League ស្តីពីការចាក់វ៉ាក់សាំងនាពេលថ្មីចុងក្រោយនេះ គិតចាប់ពីពាក់កណ្តាលខែតុលាបានបង្ហាញថា ៨១ភាគរយនៃកីឡាករ បានទទួលវ៉ាក់សាំងដូសទី១ និង ៦៨ភាគរយ បានទទួលវ៉ាក់សាំងចំនួន២ ដូស៕