(បរទេស)៖ សិង្ហបុរីត្រូវបានគេរាយការណ៍មកថា បានក្លាយជាប្រទេសមួយដែលផ្ដល់ភាពងាយស្រួល និងអំណោយផលបំផុតចំពោះប្រតិបត្តិការរូបិយប័ត្រឌីជីថល ជាពិសេសគឺរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ដោយកាលពីមុនអាមេរិក គឺជាប្រទេសដែលនាំមុខគេលើវិស័យមួយនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Investvine នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនអៀរឡង់ មួយដែលមាន ឈ្មោះថា Coincub បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនប្រចាំឆមាសទី៤ ឆ្នាំ២០២១ ដោយក្នុងនោះ សិង្ហបុរីគឺជាប្រទេសដែលបានផ្តល់ផាសុកភាពខ្លាំងបំផុត ចំពោះអ្នកវិនិយោគរូបិយប័ត្រឌីជីថល ពោលគឺទាំងក្នុងការរស់នៅ និងទាំងធ្វើការ។

អ្វីដែលជាចំណុចពិសេសមួយទៀតនោះគឺថា សិង្ហបុរីមិនត្រឹមតែជាប្រទេសដែលបានផ្តល់នូវបរិយាកាសងាយស្រួលប្រកបដោយផ្លូវច្បាប់ ប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវលក្ខខណ្ឌងាយស្រួលសម្រាប់ច្បាប់ពន្ធទៀតផង ខណ:ដែលសិង្ហបុរីក៏ជាប្រទេសមួយដែលមានម៉ាស៊ីនដកប្រាក់ (ATM) សម្រាប់រូបិយប័ណ្ណគ្រីបតូដូចជា Bitcoin។

សិង្ហបុរីក៏បានជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលអត្រាពលរដ្ឋមានរូបិយប័ណ្ណគ្រីបតូខ្ពស់បំផុត ធៀបទៅនឹងចំនួនពលរដ្ឋសរុប ឬត្រូវជា ៩,៤ភាគរយនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលបានធ្វើការបញ្ជាក់យ៉ាងច្បាស់កន្លងមកអំពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងជួយសម្រួលដល់ក្រុមអ្នកវិនិយោគរូបិយប័ណ្ណគ្រីបតូប្រភេទនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសសិង្ហបុរីទាំងមូលនាពេលបច្ចុប្បន្ននេះមានកន្លែងប្ដូរលុយរូបិយប័ណ្ណគ្រីបតូសរុបប្រមាណ ៤៧កន្លែង និងមានម៉ាស៊ីនដកប្រាក់ (ATM) សម្រាប់ Bitcoin ចំនួន ៩កន្លែង ហើយរូបិយប័ត្រឌីជីថលភាគច្រើន គឺអាចយកទៅចាយនៅតាមបណ្តាផ្សារទំនើប និងហាងលក់រាយជាច្រើនកន្លែងនៅក្នុងប្រទេស៕