(ភ្នំពេញ)៖ ក្រុមហ៊ុន Yeo’s ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេនៅ អាស៊ី បានរៀបចំពីធីប្រកាសកិច្ចសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការមិនរកប្រាក់ចំណេញ ក្នុងការកសាងសាលាមត្តេយ្យថ្មីសម្រាប់កុមារក្រីក្រ ដែលរស់នៅ ខ័ណ្ឌស្ទឹងមានជ័យ ដែលជាអតីតទីលានចាក់សំរាម។

ការសាងសង់សាលាមត្តេយ្យនេះ នឹងចាប់ផ្តើមនៅ ដើមឆ្នាំ ២០២២ ខាងមុខនេះ ដែលសាលានេះនឹងក្លាយជាសាលាមត្តេយ្យទីពីរនៅ CCF។ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ។

ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់សាលាមត្តេយ្យទីពីរ ដែលផ្តល់ឱកាសក្នុងការសិក្សាសម្រាប់សិស្សានុសិស្សចំនួន ៥០នាក់ ដែលរស់នៅ ខ័ណ្ឌស្ទឹងមានជ័យ ដែលជាអតីតទីលានចាក់សំរាម ដោយសារតែបច្ចុប្បន្ននេះ ឪពុកម្តាយរបស់កុមារទាំងនេះ មិនអាចបញ្ជូនកូនៗ របស់គាត់ទៅ សាលាមត្តេយ្យដើមរបស់ CCF បាននោះទេ ពីព្រោះវាមានចំងាយឆ្ងាយ និងត្រូវការចំណាយច្រើនសម្រាប់ការធ្វើដំណើរ។ ម្យ៉ាងវិញទៀត នៅតំបន់នេះនៅក្នុងខ័ណ្ឌស្ទឹងមានជ័យនេះ ក៏ពុំមានបញ្ញត្តិផ្សេងៗ សម្រាប់គ្រប់គ្រងសុវត្ថិភាព ឬការអប់រំសម្រាប់កុមារតូចៗ នោះទេ។ ក្នុងពេលថ្ងៃ កុមារទាំងនេះតែងតែទុកឱ្យដើរលេងតាមដងផ្លូវ ខណៈពេលដែលឪពុកម្តាយកំពុងបំពេញភារកិច្ចធ្វើការ។ ដូច្នេះ គោលបំណងនៃការសាងសង់សាលានេះ គឺដើម្បីសម្រួលដល់កុមារក្នុងការងាយស្រួលទៅ សាលារៀន ក៏ដូចផ្តល់ទីធ្លាសម្រាប់កុមារលេងផងដែរ ដែលនេះជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់កុមារក្នុងការសិក្សាប្រកបដោយសុវត្ថិភាព។

លើសពីនេះទៅ ទៀត ដោយសារតែឃើញថាមានកុមារជាច្រើននៅ ក្នុងសហគមន៍ក្រីក្រកំពុងប្រឈម មុខនឹងឧបសគ្គផ្នែកការអប់រំ ទើបយុទ្ធនាការសង្គមនេះ នឹងជួយដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាធានាឱ្យបានថា កុមារទាំងនោះ នឹងមានឱកាសទទួលបានការសិក្សាថ្នាក់មូលដ្ឋានប្រកបដោយបរិក្ខារត្រឹមត្រូវមានចំនួនកាន់តែច្រើន។ តាមរយៈគម្រោងនេះ កុមារមិនត្រឹមតែទទួលបាននូវសុវត្ថិភាពក្នុងពេល ដែលឪពុកម្តាយកំពុងបំពេញភារកិច្ចធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកុមារក្នុងការអភិវឌ្ឍសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅ ថ្នាក់បឋមសិក្សានៅពេលពួកគេឈានដល់អាយុ៦ ឆ្នាំ។

ជាផ្នែកមួយនៃយុទ្ធនាការសង្គមនេះ Yeo's នឹងអនុវត្តសកម្មភាពផ្សេងៗ តាមប្រព័ន្ធផ្សាព្វផ្សាយសង្គម ដើម្បីលើកទឹកចិត្តដល់សាធារណជនក្នុងការចូលរួមជួយដល់កុមារកម្ពុជា ដែរសកម្មភាពទាំងនោះរួមមានដូចជា ការប្រលងគូរគំនូរសាលារៀនក្នុងក្តីស្រមៃសម្រាប់កុមារនៅ ក្នុងអង្គការ CCF ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២១ និងក៏មានការប្រកួតប្រជែងរូបថតសម្រាប់សាធារណជនជាមួយនឹងរង្វាន់ប្រចាំសប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០១ ដល់ ៣១ ខែមករា ឆ្នាំ ២០២២ នៅ លើគេហទំព័រហ្វេសប៊ុករបស់ Yeo's Cambodia។ សាធារណជន ក៏អាចចូលរួមជាចំណែកជាមួយកម្មវិធីយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ដោយគ្រាន់តែទិញភេសជ្ជៈ Yeo's នោះគេនឹងអាចចូលរួមក៏ដូចជាគាំទ្រដល់អង្គការ CCF ក្នុងកសាងសាលាមត្តេយ្យថ្មីមួយនេះ។

លោកស្រី សង វាន្នី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជាមានកិត្តិយសណាស់ ដែលបានចាប់ដៃគូជាមួយអង្គការ CCF ក្នុងការចាប់ផ្តើមកម្មវិធី «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ដើម្បីកសាងសាលាមត្តេយ្យសម្រាប់កុមារ នឹងអាចជួយកុមារឱ្យទទួលបានការអប់រំ ដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនពួកគេផ្ទាល់ ក៏ដូចជាគ្រួសាររបស់ពួកគេ ដែលភាគច្រើនបានទទួលរងផលប៉ះពាល់ផ្នែកជីវភាពយ៉ាងខ្លាំងដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់សម្រាប់ការអភិវឌ្ឍសហគមន៍ Yeo's សូមឆ្លៀតឱកាសនេះអញ្ជើញប្រជាជនកម្ពុជា និងអតិថិជនរបស់ Yeo’s ទាំងអស់ ឱ្យចូលរួមជាផ្នែកមួយនៃយុទ្ធនាការរបស់យើង ដើម្បីផ្តល់ការគាំទ្រ និងជួយលើកស្ទួយជីវិតកុមារកម្ពុជា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពួកគេ»។

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF បានមានប្រសាសន៍ថា៖
«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលមានឱកាសសហការជាមួយក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក្នុងការកសាងសាលាមត្តេយ្យថ្មី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ កុមារតូចៗ ជាច្រើន នឹងទទួលបានយកចិត្តទុកដាក់ ព្រមជាមួយការអប់រំប្រកបដោយសុវត្តិភាព និងគុណភាព ខណៈពេល ដែលឪពុកម្តាយទៅ របស់គេកំពុងបំពេញភារកិច្ចធ្វើការ។ យើងពិតជាបានឃើញការកើនឡើងនូវបញ្ហាជាច្រើនកើតឡើងចំពោះកុមារ ចាប់តាំងពីមានការកើតឡើងនៃចំនួនជំងឺកូវីដ-១៩។ យើងរំពឹងថា រាល់កុមារទាំងអស់នៅក្នុងសហគមន៍ នឹងមានឱកាសទទួលជីវិតដ៏ល្អប្រសើរ តាមរយៈបរិក្ខារសិក្សាផ្សេងៗ ដែលយើងនឹងសម្រេចបានជាមួយ Yeo's។»

អង្គការ CCF មានបេសកកម្មក្នុងការជួយកុមារក្រីក្រ ក្នុងនោះក៏ដូចគ្នាទៅ នឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលដៅ ធ្វើយ៉ាងធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព សមភាព និងលើកកម្ពស់ឱកាសសិក្សាសម្រាប់ប្រជាជនទាំងអស់នៅ ទូទាំពិភពលោក។ កន្លងមក អង្គការ CCF បានជួយផ្លាស់ប្តូរជីវិតរបស់កុមាររាប់ពាន់នាក់ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ ឱ្យពួកគេទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ព្រមទាំងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីគាំទ្រផ្សេងៗ ដ៏ទៃទៀត។ រហូតមកដល់បច្ចុប្បន្ននេះ អង្គការ CCF បានផ្តល់ការគាំទ្រផ្នែកអប់រំដល់កុមារកម្ពុជាចំនួន ១.៧00 នាក់ និងបានជួយបណ្តុះបណ្តាលសហគមន៍ចំនួន ១០.០០០ សហគមន៍។

ជាមួយគ្នានេះផងដែរ ដើម្បីអបអរសាទរភាពជាដៃគូនេះ និងអនាគតសាលាមត្តេយ្យ ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា ក៏បានរចនាកំប៉ុងជាពិសេសចំនួន២រសជាតិ ដែលបង្ហាញពីចក្ខុវិស័យ និងយុទ្ធនាការសង្គមនេះដោយបញ្ចូល ម៉ាកយីហោរបស់អង្គការ CCF នៅ លើកំប៉ុងភេសជ្ជៈរបស់ Yeo's ផងដែរ។

ដើម្បីស្វែងយល់បន្ថែម និងដើម្បីចូលរួមគាំទ្រដល់ការអប់រំរបស់កុមារក្រីក្រតាមរយៈយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» លោកអ្នកអាចតាមដាននៅលើគេហទំព័រហ្វេសប៊ុក Yeo’s Cambodia’s Official Facebook Page៕