(ភ្នំពេញ)៖ ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) កំពុងតែប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការខកខានកាលពីឆ្នាំមុន ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។
ថ្វីត្បិតតែខកខានមួយឆ្នាំក្តី តែការទន្ទឹងរង់ចាំចំពោះកម្មវិធីនាឆ្នាំនេះ គឺនៅតែមានសន្ទុះនៃការចូលរួមច្រើនជានិច្ចពីសំណាក់សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅ ដោយមានការចូលរួមជាច្រើនគួរឱ្យកត់សម្គាល់ ដែលមានចំនួនប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី១នៃកម្មវិធី។
គួររំឭកថា អ្នកចូលរួមទាំងអស់ គឺតម្រូវឱ្យឆ្លងកាត់ការចុះឈ្មោះអនឡាញ និងភ្ជាប់ព័ត៌មានទាក់ទងនឹងការចាក់វ៉ាក់សាំង ជាពិសេស គឺការអនុវត្តស្របទៅតាមការណែនាំពីក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» បានយ៉ាងខ្ជាប់ខ្ជួន។
យ៉ាងណាមិញ គោលបំណងនៃពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យានេះ គឺជាការបំផុសទឹកចិត្តយុវជនខ្មែរ ដែលមានទេពកោសល្យ និងសមត្ថភាពនៃការយល់ដឹងផ្នែកយន្តហោះ និងបច្ចេកវិទ្យាអាចមានឱកាសក្នុងការបង្ហាញនូវសមិទ្ធផល និងការច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ជូនទៅដល់មហាជន រួមជាមួយនឹងការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។
ម្យ៉ាងវិញទៀត ពិព័រណ៍នេះ ក៏ជាឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនា អាចមកទទួលយកនូវបទពិសោធ ចំណេះដឹង និងព័ត៌មានផ្សេងៗអំឡុងពេលនៃការតាំងបង្ហាញស្នាដៃ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកបរយន្តហោះ ដែលឈរនៅក្បែរយន្តហោះផា្ទល់តែម្ដង។
គួរបញ្ជាក់ថា កម្មវិធីនេះ មិនមានត្រឹមតែ ការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យាពីសំណាក់សិស្សនិស្សិតតែប៉ុណ្ណោះទេ ប៉ុន្តែក៏មាននូវការរៀបចំនូវការប្រកួតប្រជែងចំនួនពីរផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ និងរ៉ូបូតមនុស្សយន្ត ដែលសមាសភាពបេក្ខជនចូលរួម គឺតម្រូវឲ្យឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ ដោយមានការចូលរួមពីសិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យ ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងផ្នែកយន្តហោះ និងបច្ចេកវិទ្យា ផ្ទាល់តែម្តង។ ប៉ុន្តែក្រោយពីការប្រកួតជុំដំបូងយ៉ាងស្វិតស្វាញកាលពីម្សិលមិញនេះ គណៈកម្មការនៃកម្មវិធីបានសម្រេចជ្រើសរើសតែ ១០ក្រុម ក្នុងចំណោម១៦ក្រុម នៃការប្រកួតយន្តហោះកៅស៊ូ និង ៤ក្រុម ក្នុងចំណោម១០ក្រុម នៃការប្រកួតរ៉ូបូតមនុស្សយន្ត អាចមានឱកាសទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃនេះ។
ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងកងទ័ពជើងអាកាស។
សម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration៕