(ភ្នំពេញ)៖ វិទ្យាស្ថានភាសាអង់គ្លេស អ៊ី អិល ធី បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រ ជូនដល់សិស្សបញ្ចប់ការសិក្សា មធ្យមសិក្សាបត្រជាន់ខ្ពស់ភាសាអង់គ្លេស (Advanced Diploma in English-ADE) ក្រោមការចូលរួមពីលោកស្រី ជា នាងអេង អគ្គនាយិកានៃវិទ្យាស្ថាន អ៊ី. អិល. ធី និងសាលាអន្តរជាតិ ប៊ើខឹលី និងមានការចូលរួមពី សាស្រ្តាចារ្យ សិស្សានុសិស្ស និងអាណាព្យបាលផងដែរ។

គោរពទៅតាមវិធានការណ៍សុវត្ថិភាព និងសុខភាពរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា ទៅលើការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ក្នុងពិធីចែកសញ្ញាបត្រនេះ សាលាបានរៀបចំការរក្សាគម្លាតសុវត្ថិភាព និងកំណត់ចំនួនមនុស្សចូលរួម ក្នុងបរិមាណសមរម្យ។

លោកស្រី ជា នាងអេង អគ្គនាយិកានៃវិទ្យាស្ថាន អ៊ី អិល ធី បានឲ្យដឹងថា ក្នុងរយៈពេលជិត២៨ឆ្នាំមកនេះ សាលាបានបណ្ដុះបណ្ដាល សិស្សានុសិស្ស បុគ្គលិកនៃស្ថាប័នសាធារណៈ និងឯកជនជាច្រើនលើភាសាអង់គ្លេស និងវិជា្ជជីវៈការងារ ដោយយកចិត្តទុកដាក់ទៅលើគុណភាពរៀន និងបង្រៀន ដើម្បីឱ្យសិស្សទាំងអស់ទទួលបានគុណភាពអប់រំល្អមួយ ជួយដល់សិស្សានុសិស្សជាច្រើន បានបន្តការសិក្សានៅក្រៅប្រទេសផងដែរ។

លោកស្រីបានបន្តថា ទោះបីជាក្នុងស្ថានភាពការរីករាលដាលនៃវីរុសកូវីដ១៩កន្លងមកក្ដី សាលានៅតែវបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាព ដោយមានរៀបចំការសិក្សាពីចម្ងាយ ដើម្បីឱ្យសិស្សទទួលបានការសិក្សា ដូចជាការរៀននៅសាលាដែរ។ មិនតែប៉ុណ្ណោះសាលាមានដៃគូសហការណ៍នៅក្រៅប្រទេសជាច្រើនដូចជា អាមេរិក, អង់គ្លេស, អូស្ត្រាលី និងប្រទេសផ្សេងៗទៀត ក្នុងការផ្ដល់ជាអាហារូបករណ៍ សម្រាប់សិស្សានុសិស្សមានបំណងទៅសិក្សានៅបរទេស។

ក្នុងនោះសិស្សស្រីតំណាងសិស្ស ក្នុងពិធីប្រគល់សញ្ញាបត្រ បានបញ្ចេញមតិថា «ខ្ញុំឈ្មោះ ណារី និងឈីវមីញ ជាសិស្សរៀននៅសាលា អ៊ី អិល ធី តាំងពីនៅតូចមកម្ល៉េះ។ ការសិក្សានៅ អ៊ី អិល ធី មិនមែនសិក្សាតាមសៀវភៅមួយមុខនោះទេ តែខ្ញុំមានឱកាសបង្កើតទំនាក់ទំនង ជាមួយមិត្តក្នុងសាលា មានសកម្មភាពសប្បាយៗ និងស្រាវជ្រាវពីចំណេះដឹងថ្មីៗ ដែលមានលោកគ្រូអ្នកគ្រូយកចិត្តទុកដាក់បំផុតមិនថា សិក្សានៅសាលា ឬសិក្សាពីចម្ងាយ ខ្ញុំសូមអរគុណដែលសាលានៅតែបន្ត យកចិត្តទុកដាក់ និងបង្កើតគុណភាពអប់រំរហូតមក»

នេះជាភាពជោគជ័យមួយរបស់សាលា អ៊ី អិល ធី ដែលបានអប់រំសិស្សឱ្យដើរផ្លូវល្អ និងមានសមត្ថភាព ក្នុងការចាប់យកការងារអនាគតរបស់សិស្សម្នាក់ៗ៕