(ភ្នំពេញ)៖ ភោជនីយដ្ឋាន Cuisine Wat Damnak ដែលទទួលពានរង្វាន់ ស្ថិតក្នុងចំណោម «ភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅតំបន់អាស៊ី» (Asia’s 50 Best Restaurants) និងដែលបានកសាងភាពល្បីល្បាញនៅខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ ឥឡូវនេះ បានពង្រីកខ្លួនមកកាន់ រាជធានីភ្នំពេញហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ដែលត្រូវការបទពិសោធន៍ទទួលទានអាហារបែបប្រណីត។

បង្កើតឡើងដំបូងបំផុតនៅខេត្តសៀមរាប ដោយចុងភៅជនជាតិបារាំង លោក Joannès Rivière ភោជនីយដ្ឋាន Cuisine Wat Damnak គឺជាភោជនីយដ្ឋានខ្មែរ ដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ជាភោជនីយដ្ឋានល្អបំផុត ក្នុងបញ្ជី «ភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅតំបន់អាស៊ី» (Asia’s 50 Best Restaurants)។

លោក ងួន វេងឆាយ ដែលជាដៃគូពាណិជ្ជកម្មរបស់លោក Joannès Rivière និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak នៅរាជធានីភ្នំពេញ បានថ្លែងថា ការពង្រីកខ្លួនបន្ថែមមកកាន់រាជធានីភ្នំពេញ គឺដើម្បីផ្ដល់ឱកាសដល់ភ្ញៀវជាតិ និងអន្តរជាតិនៅរាជធានីភ្នំពេញ បានទទួលបទពិសោធន៍ ទទួលទានអាហារខ្មែរបែបប្រណីត ដោយមិនចាំបាច់ធ្វើដំណើរ ទៅដល់ខេត្តសៀមរាបនោះឡើយ។

លោក វេងឆាយ បានបន្តថា ភាពពិសេសប្លែកពីគេរបស់ភោជនីយដ្ឋាន Cuisine Wat Damnak ដែលនាំឲ្យខ្លួនកសាងភាពល្បីល្បាញបាននៅក្នុងតំបន់អាស៊ី គឺភោជនីដ្ឋាននេះផ្ដល់នូវបទពិសោធន៍នៃការទទួលទានអាហារបែបប្រណីត បន្ថែមពីលើការច្នៃប្រឌិតម្ហូបខ្មែរឲ្យមានរូបរាងបែបអាហារលោកខាងលិច ប៉ុន្តែរក្សាបានរសជាតិជាម្ហូបខ្មែរពិតៗ។

លោក ងួន វេងឆាយ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា យើងត្រូវការពេលវេលាបន្តិចដើម្បីឲ្យភ្ញៀវខ្មែរយល់អំពីយើង ។ តាំងពីយើងចាប់ផ្ដើមបើកសាកល្បង នៅភ្នំពេញនេះមក ខ្ញុំបានឃើញភ្ញៀវមុខថ្មីៗអញ្ជើញមកជាហូរហែ។ ពួកគាត់សប្បាយចិត្តដែលដឹងថាយើងមកភ្នំពេញ ព្រោះពីមុន ពួកគាត់ត្រូវធ្វើដំណើរ ទៅដល់ខេត្តសៀមរាប។ ភ្ញៀវខ្លះ ពេលគាត់មកម្ដងហើយ គាត់អញ្ជើញមកទៀត ដោយនាំមិត្តភក្ដិថ្មីៗមកផងដែរ»

លោក ងួន វេងឆាយ គឺជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ ដោយបានទទួលការសិក្សាលើវិស័យនេះ នៅប្រទេសសិង្ហបុរី និងមានបទពិសោធន៍ការងារ ជាច្រើនឆ្នាំ ជាមួយក្រុមហ៊ុននិងសណ្ឋាការលំដាប់អន្តរជាតិទាំងក្នុងនិងក្រៅប្រទេស។

លោក វេងឆាយ បានពណ៌នាអំពីភាពពិសេសរបស់ភោជនីដ្ឋាន Cuisine Wat Damnak ថា នៅទីនេះ ពេលភ្ញៀវអញ្ជើញមក គឺប្រៀបដូចភ្ញៀវមកលេងផ្ទះរបស់យើង យើងទទួលភ្ញៀវដោយភាពរាក់ទាក់ចេញពីបេះដូងជាម្ចាស់ផ្ទះ និងរៀបចំម្ហូបទទួលភ្ញៀវ ពោលគឺនៅទីនេះ ភ្ញៀវពុំអាចកុម្មង់ម្ហូបមុខនេះឬមុខនោះបានទេ។

លោក វេងឆាយ បានបន្តយ៉ាងដូច្នេះថា «នៅទីនេះ យើងសម្រិតសម្រាំងមុខម្ហូបមួយឈុត និងផ្លាស់ប្ដូរវាមួយខែម្ដង ។ គ្រឿងផ្សំគឺជ្រើសរើសដោយហ្មត់ចត់បំផុត និងប្រកបដោយគុណភាព។ ម្ហូបរបស់យើងមានភាពទំនើបបន្តិច ដែលបើអ្នកគ្រាន់តែអានម៉ឺនុយ អ្នកស្រមៃពីម្ហូបនោះមិនចេញទេ ។ ម្ហូបនីមួយៗ ត្រូវការបច្ចេកទេសចម្អិននិងគ្រឿងផ្សំរាងស្មុគស្មាញបន្តិច ប៉ុន្តែ អាហារមួយឈុតដែលយើងរៀបចំជូនភ្ញៀវ គឺផ្ដល់នូវគ្រប់រសជាតិនៃម្ហូបខ្មែរ»

លោក វេងឆាយ បានបន្ថែមថា Cuisine Wat Damnak មិនមែនជាភោជនីយដ្ឋានបែបដែលមនុស្សម្នាធ្វើដំណើរកាត់ ឃើញ និងដើរចូលនោះទេ ពោលគឺអ្នកអញ្ជើញមក បានស្រាវជ្រាវអំពីភោជនីយដ្ឋាន បានស្គាល់ និងបានកក់ទុកជាមុន។

លោក វេងឆាយ បានថ្លែងដូច្នេះថា «យើងមិនមែនផ្ដល់ត្រឹមតែអាហារនោះទេ យើងផ្ដល់នូវបទពិសោធន៍ទទួលទានអាហារ ពោលគឺបទពិសោធន៍នេះ រាប់តាំងពីពេលដែលអ្នកដើរចូលភោជនីយដ្ឋានរហូតដល់ពេលអ្នកដើរចេញទៅវិញ។ ហើយបទពិសោធន៍បែបនេះ បើនៅសិង្ហបុរី ឬនៅញូវយ៉ក សហរដ្ឋអាមេរិកវិញ គឺថ្លៃលើសយើងនេះ ដល់ទៅបួនប្រាំដងឯណោះ»។

បើតាមការឲ្យដឹងរបស់លោក វេងឆាយ មហិច្ឆតារបស់ Cuisine Wat Damnak គឺធ្វើឲ្យម្ហូបខ្មែរមានគុណភាពនិងស្តង់ដារអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយម្ហូបអឺរ៉ុប ម្ហូបជប៉ុន នៅលើឆាកអន្តរជាតិដែរ ហើយនៅថ្ងៃណាមួយ លោកចង់ឃើញ Cuisine Wat Damnak មានវត្តមាននៅទីក្រុងល្បីៗនៅលើពិភពលោក៕