(បរទេស)៖ កម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss World» ២០២១ ដែលបាននឹងកំពុងធ្វើឡើងនៅប្រទេសព័រតូរីកូ ត្រូវបានប្រកាសពន្យារពេលយ៉ាងកត់ក្រហល់ បន្ទាប់ពីរកឃើញមានបវរកញ្ញា និងអ្នកពាក់ព័ន្ធជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន India នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងបវរកញ្ញាពិភពលោក «Miss World» ២០២១ គឺធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសព័រតូរីកូ។ តែយ៉ាងណា គណៈកម្មការរៀបចំកម្មវិធីនេះ បានប្រកាសពីការពន្យារពេលសម្រាប់វគ្គផ្តាច់ព្រ័ត្រភ្លាមៗ ដើម្បីធានាពីសុវត្ថិភាពបេក្ខនារីដែលចូលរួម និងក្រុមការងារ បន្ទាប់ពីមនុស្សជាច្រើននាក់ ពោលគឺខ្ទង់១៧នាក់ បានឆ្លងកូវីដ-១៩ ខណៈថ្ងៃផ្តាច់ប្រកួតផ្តាច់ព្រ័ត្រ នឹងលើកទៅ៩០ថ្ងៃខាងមុខ។ ក្នុងចំណោមបេក្ខនារីឆ្លងកូវីដ-១៩ នោះ គឺមានបវរកញ្ញាតំណាងប្រទេសឥណ្ឌា និងអ្នកផ្សេងទៀត មិនត្រូវបានបញ្ចេញឡើយ។

គួរជម្រាបថា ក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោក «Miss World» ២០២១ កញ្ញាឯកតំណាងប្រទេសកម្ពុជា គឺកញ្ញា ភុំ សោភ័ណ្ឌ ក៏បានចូលរួមផងដែរ។ ទាំងបេក្ខជន និងបុគ្គលិករៀបចំនៃការប្រកួត ត្រូវបានគេដឹងថា សុទ្ធតែបានចាក់វ៉ាក់សាំងបង្កាទាំងអស់ ដូច្នេះហើយ ពួកគេនឹងនៅដាច់ដោយឡែក រយៈពេល ១០ថ្ងៃ ដោយមិនចាំបាច់ សម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ៕