(ឧត្តរមានជ័យ)៖ ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខាខេត្តឧត្តរមានជ័យ ដែលជាសាខាទី២៩ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់ ៩ ជាន់ ស្ថិតនៅអគារលេខ៣៨ ផ្លូវលេខ៦៨ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ លោកចាន់ កុកឆយ អគ្គនាយកប្រតិបត្តិ ធនាគារ វឌ្ឍនៈ និងលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យនេះ។

ក្នុងពិធីសម្ពោធបើកដំណើរការនេះដែរ ធនាគារ វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវអំណោយជាសម្ភារៈជូនរដ្ឋបាលខេត្តឧត្តរមានជ័យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដូចជា ឧបករណ៍តេស្តរហ័ស និងថ្នាំពេទ្យផងដែរ។

ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ នឹងផ្តល់ជូននូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន និងប្រជាជននៅខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត និងក្នុងវិស័យនានា ដូចជា កសិកម្ម អចលនទ្រព្យ និងពាណិជ្ជកម្ម ជាដើម។ សាខាខេត្តឧត្តរមានជ័យ ក៏មានផ្តល់ និងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៉ីនធឺណិត និងប័ណ្ណ ជូនដល់អតិថិជនក្នុងខេត្ត។

ជាពិសេស ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ មានសេវាបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសេវាបង់ប្រាក់ពន្ធគយ-រដ្ឋាករគ្រប់ប្រភេទរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ លោកអ្នកក៏អាចបង់ពន្ធបានយ៉ាងងាយស្រួលតាមរយៈ សេវាកម្មបង់ពន្ធ-អាករតាមប្រព័ន្ធអេឡិចត្រូនិក ឬសេវាធនាគារចល័តធនាគារ វឌ្ឍនៈ ដែលត្រូវបានតភ្ជាប់ជាស្វ័យប្រវត្តិមកពីប្រព័ន្ធគ្រប់គ្រងការបង់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។

ធនាគារ វឌ្ឍនៈ ក៏មាន បញ្ជរបង់ប្រាក់ពន្ធ គ្រប់ប្រភេទ នៅក្នុង សាខាពន្ធដារ ខេត្តឧត្តរមានជ័យ ផងដែរ។

ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈ ទទួលបានពានរង្វាន់អន្តរជាតិសរុបចំនួន ៩ ចំពោះសេវាធនាគារចល័ត សេវាកម្មអតិថិជនល្អបំផុត និងអភិបាលកិច្ចល្អបំផុត។

លោក ព្រះ ហុកលី ប្រធានសាខា ធនាគារ វឌ្ឍនៈ សាខាខេត្តឧត្តរមានជ័យ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹកនាំបុគ្គលិកសាខា ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន និងប្រជាជនក្នុងខេត្តឧត្តរមានជ័យ។

សូមជម្រាបថា ធនាគារ វឌ្ឍនៈ ជាធនាគារក្នុងស្រុក បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។ ធនាគារ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៩ នៃការបង្កើតធនាគារ វឌ្ឍនៈ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៧៥០ នាក់ និង ២៩សាខា ដែលក្នុងនោះ ១២ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៧សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕