(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ប្រទេសកម្ពុជា បានរៀបចំពិធី សម្ពោធពហុកីឡដ្ឋាន មរតកតេជោ ដែលជាជំនួយឥតសំណងពីប្រទេសចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកមុខអ្នកការជាតិ អន្តរជាតិជាច្រើនរូប។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីសម្ពោធនេះដែរ ក៏មានការរៀបចំ និងសម្តែងនូវផ្ទាំងទស្សនីយភាព វប្បធម៌ និងកីឡាជាច្រើន ដើម្បីញ៉ាំកម្មវិធីឱ្យកាន់តែអធឹកអធមឡើងផងដែរ។

ជាមួយគ្នានោះ បើងាកទៅមើលផលិតកម្ម រាម ដែលជាផលិតកម្មថ្មីមួយទើបបង្ហាញខ្លួនថ្មីៗនោះ ក៏បានមានកិត្តិយសចូលរួមក្នុងបង្ហាញបទចម្រៀងដ៏អស្ចារ្យមួយសម្រាប់អបអរកម្មវិធីសម្ពោធនេះដែរ។

បទចម្រៀងននេះ មានចំណងជើង «អ្នកចម្បាំង» ដែលជាការច្របាច់បញ្ជូលគ្នានូវសិល្បៈសម័យ និង បុរាណ ដោយមានបញ្ចូលនូវក្បាច់គុនល្បុក្កតោខ្មែរ អមជាមួយនឹងការរៀបរាប់ពីទឹកចិត្តស្នេហាវិស័យកីឡាខ្មែរ និង ទឹកចិត្តចំពោះជាតិមាតុភូមិ។

អ្វីដែលពិសេសនោះ គឺទឹកដមសំនៀងរបស់អ្នកចម្រៀងតែម្តង ដោយបានឆក់យកសំឡេងទះដៃពីគណៈធិបតី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ពេញពហុកីឡដ្ឋានជាតិមរតកតេជោនោះ។

នេះបានចាត់ទុកជាមហាកិតិ្តយសដ៏ខ្លាំងមួយ សម្រាប់ផលិតកម្ម រាម ដែលបានផលិតបទចម្រៀង «អ្នកចម្បាំង» ដ៏មានអត្ថន័យ អត្ថរូបនេះឡើង សម្រាប់ការសម្តែងផ្ទាល់នៅក្នុងពិធីសម្ពោធពហុកីឡាដ្ឋាន មរតកតេជោ និងសម្រាប់មហាជនខ្មែរផងដែរ៕