(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់នេះ(ម៉ោងនៅកម្ពុជា) នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។

នេះគឺជាជំនួបបង្គ្រប់កិច្ចពូល B របស់កម្ពុជា ខណៈវៀតណាម ត្រូវការយ៉ាងហោច ១ពិន្ទុ ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចាំមើលតើក្រុមគោព្រៃកម្ពុជា អាចបង្អាក់ដំណើរក្រុមការពារតំណែងជើងឯកវៀតណាម មិនឲ្យឡើងវគ្គបន្ដបានដែរឬទេ?

បច្ចុប្បន្នវៀតណាម កំពុងឈរលេខ២ ក្នុងពូល ដោយមាន ៧ពិន្ទុស្មើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងមានប្រៀបលើក្រុមម៉ាឡេស៊ី ១ពិន្ទុ ខណៈក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃ ពោលគឺឥណ្ឌូនេស៊ី ក៏នឹងត្រូវជួបម៉ាឡេស៊ី នាម៉ោងដំណាលគ្នាយប់នេះដែរ។

ដូច្នេះការប្រកួតយប់នេះ គឺជាជំនួបកាត់សេចក្ដីពូល B ដើម្បីកំណត់បេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់ខាងលើ ក្នុងនោះវៀតណាម ត្រូវការត្រឹមស្មើកម្ពុជា នឹងបានឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើចាញ់ ពួកគេត្រូវប្រឈមនឹងការបាត់បង់ឱកាស ប្រសិនបើម៉ាឡេស៊ី ឈ្នះឥណ្ឌូនេស៊ី៕