(ភ្នំពេញ)៖ លោក Luis Fernando Vitorino អតីតគ្រូបង្វឹកកីឡាករចាំទីរបស់ក្លឹបភ្នំពេញក្រោន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានចេញមកប្រកាសកុំឲ្យយល់ច្រឡំថា លោកគឺជា Leonardo Vitorino អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលបានប្រមាថលោក Honda គ្រូបង្វឹកជម្រើសជាតិកម្ពុជាបច្ចុប្បន្ន។

ការចេញមកបំភ្លឺរបស់លោក Luis Fernando Vitorino បានធ្វើឡើង បន្ទាប់ពីលោក Leonardo Vitorino បានប្រមាថលោក Honda ថា វិស័យបាល់ទាត់នៅកម្ពុជាបច្ចុប្បន្ន មិនរីកចម្រើននោះទេ បើធៀបនឹងកាលដែលលោកដឹកនាំ។ លោក Luis Fernando Vitorino បញ្ជាក់ថា លោក និងលោក Leonardo Vitorino ជាមនុស្ស ២រូបផ្សេងគ្នាប៉ុណ្ណោះ ហេតុដូច្នេះ សូមកុំមានការយល់ច្រឡំ។

លោក Luis Fernando Vitorino បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «សូមមិត្តភក្តិទាំងអស់គ្នាកុំយល់ច្រឡំរវាងខ្ញុំ និងលោក Leonardo (Vitorino)។ ខ្ញុំរស់នៅកម្ពុជា ហើយខ្ញុំមានគ្រួសារនៅកម្ពុជា និងគោរពប្រជាជនកម្ពុជា។ ខ្ញុំធ្វើការជាមួយគ្រូបង្វឹកទាំងអស់ មិនថានៅក្នុងក្រុមជ្រើសជាតិកម្ពុជា ឬលីគកំពូលកម្ពុជានោះទេ។ ខ្ញុំក៏មិនបានដឹងថា លោក Leonardo និយាយអ្វីខ្លះពីលោក Honda នោះដែរ»

ក្នុងសំណេរជាភាសាអង់គ្លេស លោក Luis Fernando Vitorino បានសំណូមពរប្រជាពលរដ្ឋចែករំលែកការប្រកាសនេះដោយអះអាងថា មានតែអ្នកស្គាល់គាត់ទេ ដែលដឹងថា គាត់ស្រឡាញ់ប្រទេសកម្ពុជាកម្រិតណានោះ។

លោក Leonardo Vitorino ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ ប្រមាណ ៥ខែ ហើយធ្លាប់យកឈ្នះក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានតែ ១ប្រកួតប៉ុណ្ណោះ។

ថ្មីៗនេះអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជារូបនេះ តាមរយៈសារព័ត៌មានវៀតណាម Zing លោកបានប្រមាថលោក Honda យ៉ាងដូច្នេះ «ខ្ញុំមិនគិតថា (ក្រោមការដឹកនាំរបស់ Honda) ទម្រង់លេងរបស់កម្ពុជាមិនរីកចម្រើនទេ (បើធៀបនឹងការដឹកនាំរបស់ខ្ញុំ)។ បាល់ទាត់កម្ពុជា និងជម្រើសជាតិកម្ពុជា ត្រូវការកែលម្អថែមទៀត»

អតីតគ្រូបង្វឹកកីឡាករចាំទីរបស់ភ្នំពេញក្រោន ប្រកាសកុំឲ្យយល់ច្រឡំថា លោកជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលបានប្រមាថលោក Honda

លោក Leonardo Vitorino អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា