(បរទេស)៖ ក្រុមហ៊ុន Apple បានស្នើឱ្យអង្គការឃ្លាំមើលការទុកចិត្តរបស់ប្រទេសឥណ្ឌា ដកករណីចោទប្រកាន់ពីបទរំលោភលើអំណាចទីផ្សារ នៅក្នុង Apps Market ឬ App Store ដោយនិយាយថា បញ្ហាដែលបានចោទប្រកាន់នោះវាតូចពេកហើយសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈដែល Google ជាអ្នកគ្រប់គ្រងទីផ្សារម្ដេចមិនមានវិធានការផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថាការស្នើរបស់ Apple នេះត្រូវបានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រកួតប្រជែងរបស់ប្រទេសឥណ្ឌា (CCI) បានចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់ថា Apple ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយបង្ខំឱ្យអ្នកបង្កើតកម្មវិធី (App Developers) ប្រើប្រាស់ System ដែលជាកម្មសិទ្ធិរបស់ខ្លួនក្នុងគោលដៅគិតកម្រៃជើងសារហូតដល់ ៣០ភាគរយលើការទិញកម្មវិធីនៅក្នុង Apps Market ឬ App Store។

Apple បានបដិសេធការចោទប្រកាន់របស់ខ្លួន CCI ហើយបានសង្កត់ធ្ងន់ថា ចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាគឺ «មិនសំខាន់» ពោលគឺមានត្រឹមតែពី ០ទៅ ៥ភាគរយប៉ុណ្ណោះ ខណៈពេលដែល Google គ្រប់គ្រង់ចំណែកទីផ្សារពីរ ៩០រហូតដល់១០០ភាគរយតាមរយ:ប្រព័ន្ធប្រតិបត្តិការ Android។

Apple បាននិយាយនៅថ្ងៃទី ១៦ខែវិច្ឆិកាកន្លងទៅនេះថា «Apple មិនមានភាពលេចធ្លោនៅក្នុងទីផ្សារឥណ្ឌាទេ... បើគ្មានការត្រួតត្រាទេនោះ វាមិនអាចមានការរំលោភបំពានទេ ហើយ Google នោះទៅវិញទេដែលមានលេចធ្លោនៅក្នុងប្រទេសឥណ្ឌានោះ»

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញឱ្យដឹងថា ក្នុងចំណោមស្មាតហ្វូន ៥២០លានគ្រឿង នៅក្នុងប្រទេសឥណ្ឌា មាន iPhone ត្រឹមតែ ២ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺប្រើ Android របស់ Google៕