(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស និងគ្រូបង្វឹករបស់ពួកគេ លោក Gareth Southgate សុទ្ធតែបានឈ្នះពានល្អបំផុតប្រចាំឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើងដោយអង់ភាពព័ត៌មានក្នុងស្រុក BBC។

នេះជាលើកទី២ ហើយដែលបុរសសញ្ជាតិអង់គ្លេស វ័យ ៥១ឆ្នាំ Southgate ឈ្នះពានលក្ខណៈឯកត្តជនក្នុងនាមជាគ្រូ បង្វឹកអាជីព ក្រោយពេលឈ្នះនេះលើកដំបូងតាំងពីឆ្នាំ២០១៨ ដែលបានដឹកនាំអង់គ្លេសដូចគ្នា ដ្បិតជម្រើសជាតិក៏ធ្លាប់ឈ្នះលើកនេះដំបូងក្នុងឆ្នាំ១៩៦៦ ដែរ នៅពេលពួកគេបានគ្រងតំណែងជើងឯក FIFA World Cup ក្នុងទឹកដីរបស់ខ្លួន។

លោក Southgate ដែលត្រូវបានជ្រើសរើសចេញពីការដឹកនាំឈុត U23 អង់គ្លេសឡើងមកក្រុមធំនោះ បានដឹកនាំអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley ជាទីដែលពួកគេចាញ់អាសូរីអ៉ីតាលី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងបញ្ចប់ការទន្ទឹងរង់ចាំអស់ ៥៥ឆ្នាំក្នុងការឡើងដល់វគ្គដណ្តើមពានក្នុងយុទ្ធនាការធំៗនេះម្តងទៀត។

លោក Gareth Southgate ត្រូវបានតែងតាំងឲ្យដឹកនាំក្រុមតោកំណាចអង់គ្លេសនាខែកញ្ញា ឆ្នាំ២០១៦ និងថ្មីៗនេះ ទើបបន្តកិច្ចសន្យាដឹកនាំរបស់លោករហូតដល់ខែធ្នូ ឆ្នាំ២០២៤ ពោលគឺក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឹម៉ង់រួចរាល់៕