(កូរ៉េ)៖ ត្រឹមតែ១៣ថ្ងៃប៉ុណ្ណោះ តារាចម្រៀង V សមាជិក BTS បានកើនឡើងចំនួនអ្នកតាមដាន (Followers) ក្នុងបណ្តាញសង្គម Instagram រហូតដល់ ២៦.៧លានដង។ ប្រការនេះ ធ្វើឲ្យលោកយកឈ្នះ កំពូលតារារ៉េបហុងកុង Jackson Wang និងបានក្លាយជាតារាប្រុសមានអ្នកតាមដានច្រើនបំផុត។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន all-kpop នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបំបែកបានកំណត់ត្រាមួយនេះ ជារៀងរាល់ថ្ងៃគណនី Instagram របស់ V នៅតែក្លាយជាប្រធានបទក្តៅ ត្រូវគេចាប់អារម្មណ៍ច្រើន ក្នុងចំណោមគណនីរបស់សិល្បករផ្សេងទៀត។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺថ្មីៗនេះ V សមាជិក BTS បានបំបែកកំណត់ត្រា Guinness World Records តាមរយៈគណនី Instagram របស់គេ ដែលមានការកើនឡើងចំនួនអ្នក Followers ច្រើនបំផុតតាមរយៈពេលដ៏ខ្លី ពោលគឺបានកើនឡើង ១លាន Follwers រយៈពេល៤៣នាទី និងបន្តកើនឡើងរហូតដល់១០លាន Followers ក្នុងរយៈពេល៤ម៉ោង និង៥២នាទី។

គួរជម្រាបថា គណនី Instagram របស់ V នៅតែបន្តចែករំលែកអត្ថបទខ្លីៗនានា ពាក់ព័ន្ធនឹងតន្ត្រីរបស់លោក និងរូបថត Selfies ព្រមទាំងសកម្មភាពកំសាន្តនានា ដែលធ្វើឲ្យអ្នកគាំទ្រគិតថា Instagram របស់លោក គឺជាគណនី ដែលចែករំលែករឿងល្អៗបំផុតមួយ ប្រចាំឆ្នាំ២០២១៕