(ឡុងដ៏)៖ គ្រូបង្វឹកឆ្នើម លោក Thomas Tuchel បានធ្វើការបង្ហាញថា ការមិនពន្យារពេលប្រកួតក្នុងលីគ Premier League អាចជាបញ្ហាសុវត្ថិភាពសុខភាពក្នុងវិបត្តិមេរោគ COVID-19 ដែលកំពុងផ្ទុះឡើងខ្លាំងនៅអង់គ្លេស ដែលនេះជាការលើកឡើងរបស់លោក ក្រោយជំនួបស្មើគ្នារវាង Chelsea ចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុម Wolverhampton Wanderers កាលពីថ្ងៃអាទិត្យ។

លោក Tuchel បានលើកឡើងថា សុវត្ថិភាពកីឡាករកំពុងស្ថិតក្នុងភាពហានិភ័យ ដែលមិនមានការពន្យារពេលការប្រកួតដែលក្រុមរបស់លោកបានរៀបចំលេងជាមួយ Wolves ដែលស្ថិតក្នុងពេលផ្ទុះឡើងនៃបញ្ហា COVID-19 ហើយលោក Tuchel ក៏បានដាក់សំណើសុំឲ្យមានការពន្យារពេលការប្រកួត បន្ទាប់ពីទទួលបានរបាយការណ៍មានករណីឆ្លងច្រើនចំពោះបញ្ហាមេរោគនេះដែលវិជ្ជមាននៅក្នុងក្លិប។

ក្នុងការប្រកួតសប្តាហ៍ទី១៨ នៃ Premier League ក្រុមលោក Tuchel នៅសល់តែកូនក្រុម ៤នាក់ដែលអង្គុយកៅអីបម្រុងពេលប៉ះក្រុមម្ចាស់ផ្ទះ Wolves បានត្រឹមលទ្ធផល ០-០ ដែលធ្វើឲ្យក្រុមតោខៀវនៅឈរត្រឹមលេខ៣ នៃតារាងពិន្ទុមាន ៣៨ពិន្ទុ ហើយក្រុមចចកខ្មៅ Wolves មានត្រឹម ២៥ពិន្ទុ ឈរនៅលេខ៨ បណ្តោះអាសន្ន។

លោក Tuchel បានបន្ថែមថា «តើយើងគួរធ្វើបែបណា? វាមិនមានសុវត្ថិភាពនោះទេ សម្រាប់កីឡាករ និងបរិស្ថានដែលមិនមានសុវត្ថិភាព។ ខ្ញុំក៏មិនភ្ញាក់ផ្អើល បើសិនជាការធ្វើតេស្តបន្ទាប់បង្ហាញថា ពួកយើងមានលទ្ធផលវិជ្ជមាននោះ» ក្នុងនោះការប្រកួតរវាងក្រុម Aston Villa ប៉ះ Burnley ក៏បានសម្រេចពន្យារពេលមុនការប្រកួតមកដល់កាលពីថ្ងៃសៅរ៍ ចំណោមការប្រកួតទាំង ៦បានពន្យារពេលនៅ Premier League ត្រូវប្រកួតចំនួន ១០ក្រុមក្នុងសប្តាហ៍ទី១៨៕