(ភ្នំពេញ)៖ គិរីសួគ៌ ដែលជាកសិដ្ឋានចិញ្ចឹម និងកែច្នៃទឹកគោះសុទ្ធ បានក្លាយជាកសិដ្ឋានដំបូងគេ ក្នុងការឈ្នះ «ពានមាសឧស្សាហកម្មបៃតងកម្ពុជា ឬ Cambodia Green Industry Awards» ក្នុងកម្មវិធីចែកវិញ្ញាបនបត្រ និងប្រគល់ពានរង្វាន់ ដែលត្រូវបានរៀបចំជាលើកទី១ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

កម្មវិធីផ្តល់ពានរង្វាន់នេះ ត្រូវបានដាក់ឲ្យដំណើរការ កាលពីពាក់កណ្តាលឆ្នាំនេះ និងមានគោលបំណងក្នុងការរៀបចំ និងប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុន និងឧស្សាហកម្មនានា ចំពោះការប្រើប្រាស់បច្ចេកវិទ្យា និងគោលនយោបាយ ក្នុងចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ខ្លួន ដែលជួយការពារ និងផ្តល់ផលប៉ះពាល់តិចតួចដល់បរិស្ថាន។

ការប្រគល់ពានដល់ឧស្សាហកម្មនានា ផ្អែកទៅលើកត្តាជាច្រើន ដូចជា កម្រិតនៃការប៉ះពាល់បរិស្ថាន ប្រភព និងប្រសិទ្ធិភាពនៃចង្វាក់ផ្គត់ផ្គង់ ការផលិតដែលមានអនាម័យ មានការទទួលខុសត្រូវ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នានា រួមទាំងចំណុចវិនិច្ឆ័យជាច្រើនទៀត។

ទាក់នឹងការឈ្នះពានរង្វាន់នេះ លោក ឈរ រិទ្ធី នាយកប្រតិបត្តិ កសិដ្ឋានគិរីសួគ៌ បានថ្លែងថា «ការឈ្នះពានមាសនេះ បង្ហាញថា ដំណើរការផលិត និងផ្គត់ផ្គង់នៅកសិដ្ឋានរបស់យើង ត្រូវបានធ្វើឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ជាពិសេសលើបរិស្ថានជុំវិញកសិដ្ឋានរបស់យើង។

លោក ឈរ រិទ្ធី បន្ដថា «យើងប្តេជ្ញាថា នឹងបន្តសកម្មភាពប្រកបដោយការទទួលខុសត្រូវនេះ និងធ្វើឲ្យបានល្អប្រសើរមួយកម្រិតទៀត ដើម្បីបង្កើតការជឿជាក់សម្រាប់ទាំងអតិថិជន និងសហគមន៍ជុំវិញកសិដ្ឋានរបស់យើង»

សមិទ្ធផលនេះ បង្ហាញពីការសម្រេចបាននូវលទ្ធផលប្រកបដោយផ្លែផ្កា របស់សិដ្ឋានផលិតទឹកគោសុទ្ធក្នុងស្រុករបស់យើង បើទោះបីស្ថិតក្នុងវិបត្តិកូវីដ ១៩ ក៏ដោយ។
កសិដ្ឋានគិរីសួគ៌ បានដំណើរការលក់យ៉ាងជោគជ័យនូវផលិតផលទឹកដោះគោ២ប្រភេទបន្ថែមទៀត នៅឆ្នាំនេះ គឺ KRISU Barista សម្រាប់ទីផ្សារកាហ្វេដែលកំពុងរីកចម្រើនយ៉ាប់ឆាប់រហ័សនៅកម្ពុជា និង KIRISU 0% Fat សម្រាប់អ្នកដែលផ្តោតលើសុខភាព។

កសិដ្ឋាននេះ ក៏ទើបតែដាក់លក់យ៉ាអួរធម្មជាតិគិរីសួគ៌ (KIRISU All Natural Yogurts) ដែលមានរស់ជាតិ៤ប្រភេដូចជា រសជាតិយ៉ាអួរមានខ្លាញ់៣% រសជាតិស្ត្ររប៊ឺរី វ៉ានីឡា និងគ្មានជាតិស្ករ កាលពីពេលថ្មីៗនេះផងដែរ។

បើយោងទៅតាមកសិដ្ឋានទឹកដោះគោគិរីសួគ៌ ទឹកដោះគោសុទ្ធ១០០% គិរីសួគ៌ គឺជាទឹកដោះសុទ្ធដែលមានការនិយមចូលចិត្តច្រើនជាងគេនៅលើទីផ្សារ ក្រោយពីដំណើរបានត្រឹមតែរយៈពេល១ឆ្នាំ។

កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានទឹកដោះគោធំជាងគេបំផុតនៅកម្ពុជា ដោយកសិដ្ឋាន មានគោចិញ្ចឹមយកទឹកដោះចំនួន៨០០ក្បាល ដែលត្រូវបាននាំចូលមកពីប្រទេសអូស្ត្រាលី ស្ថិតលើលើផ្ទៃដី៣០០ហិកតា ក្បែរជើងភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។

គិរីសួគ៌ មានរោងចក្រកែច្នៃទឹកដោះគោ ប្រកបដោយបច្ចេកវិទ្យាទំនើបដោយខ្លួនឯង ដែលមានសមត្ថភាពផលិតទឹកដោះគោបាន១២០០០លីត្រជារៀងរាល់ថ្ងៃ។

ស្របពេលជាមួយគ្នានេះ កសិដ្ឋានគិរីសួគ៌ បានប្រកាសថា ក្រុមហ៊ុនកំពុងផ្តល់ប្រូម៉ូសិន «ទិញ១ ថែម១» រហូតដល់ចុងឆ្នាំនេះ ដើម្បីសម្តែងនូវការដឹងគុណចំពោះឆ្នាំប្រកបដោយផ្លែផ្ការបស់ខ្លួន និងជួយជំរុញឲ្យមានភាពរីកចម្រើនមួយកម្រិតទៀត ក្នុងឆ្នាំ២០២២៕