(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic បានផ្តល់ជូនអាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន៦រូប មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី 80 របស់ក្រុមហ៊ុន Panasonic នៅក្នុងឆ្នាំ 1998 ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ ការផ្តល់អាហារូបករណ៍នេះក៍ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា តៃវ៉ាន់ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ 2019 មកPanasonic បានផ្តល់អាហារូបករណ៍ដល់សិស្ស 19នាក់ នៅកម្ពុជា ហើយកម្មវិធីអាហារូបករណ៍នេះនឹងបន្តនៅឆ្នាំក្រោយៗទៀតផងដែរ។

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «Panasonic នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការពង្រឹងសមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយឲ្យកាន់តែល្អប្រសើរ»

ស្ថាបនិករបស់ក្រុមហ៊ុនPanasonic លោក កូណូស៊ូកេ ម៉ាសឹស៊ីតា ធ្លាប់មានប្រសាសន៍ថា «យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល។ យើងបានបណ្តុះគំនិតនេះក្នុងចិត្ត ហើយនោះជាមូលហេតុ ដែលយើងប្តេជ្ញាត្រូវតែបន្តរក្សានូវកេរដំណែលរបស់គាត់ ក្នុងការពង្រីកសក្តានុពលធនធានមនុស្សរបស់យើង ហើយជាការឆ្លើយតប យើងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយដ៏មានសមត្ថភាព»

 លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៏សង្ឃឹមថា និស្សិតទាំងអស់ នឹងអាចសម្រេចបាននូវគោលដៅរបស់ខ្លួនឯង ហើយជួយជ្រោមជ្រែងនិងអភិវឌ្ឍនសង្គមវិញនៅពេលក្រោយ ក៏ដូចជាដើម្បីឲ្យនិស្សិតទាំងអស់គ្នារួមជាមួយនឹងបុគ្គលិក Panasonic រាប់សែននាក់ អាចបន្តសម្រេចនូវគំនិតផ្តួចផ្តើមរបស់យើងដើម្បីឲ្យ «ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា»។ និស្សិតអាហារូបករណ៍ជាទីរាប់អាន មិនថានាពេលអនាគតទៅជាយ៉ាងណា ក្រុមហ៊ុន Panasonic ពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃដំណើរជីវិតរបស់អ្នកទាំងអស់គ្នា។

 ជាមួយគ្នានេះដែរ លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់គ្នា ឲ្យបន្តក្តីសុបិនរបស់ខ្លួន ហើយមានតែអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់ទើបអាចសម្រេចភាពជោគជ័យនោះបាន។ ជាមួយនឹងគោលគំនិតនេះ Panasonic តែងតែមានគំនិតផ្តួចផ្តើមយ៉ាងមុតមាំ ដើម្បីផ្គត់ផ្គង់និងជួយមនុស្សជាតិ ក្នុងការរស់នៅប្រកបដោយផាសុកភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនPanasonic ថា «ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា»