(មេនឆេស្ទឺ)៖ ក្លិប Manchester United នឹងតែងតាំងនាយកគ្រប់គ្រង លោក Richard Arnold ជានាយកប្រតិបត្តិថ្មី (CEO) នៅរយៈពេលប៉ុនា្មនថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sky News ចេញផ្សាយនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

ក្លិបដែលលេងនៅលីគ Premier League មួយនេះមិនមាន CEO នោះទេ ចាប់តាំងការលាលែងពីតំណែង របស់លោក David Gill ក្នុងឆ្នាំ២០១៣ មក។

ការតែងតាំងនេះនឹងបង្ហាញពីការផ្លាស់ប្តូរដ៏ធំជាលើកទី២ នៅក្នុងរយៈពេលប៉ុន្មានខែនេះសម្រាប់ក្លិបបិសាចក្រហម បន្ទាប់ពីខ្លួនបានផ្លាស់ប្តូរអ្នកចាត់ការ Ole Gunnar Solskjaer កាលពីខែមុន។

លោក Arnold ធ្លាប់ជានាយកផ្នែកពាណិជ្ជកម្មរបស់ក្លិបរហូតដល់ឆ្នាំ២០១៣។ ការតែងតាំងរបស់លោក នឹងត្រូវអមដោយការផ្លាស់ប្តូរមន្ត្រីមួយចំនួន ជាផ្លូវដែលក្រុមហ៊ុនកំពុងដំណើរការ។

ក្រុមហ៊ុនអាចនឹងប្រកាសពីការតែងតាំងលោក Arnold នៅប៉ុន្មានថ្ងៃខាងមុខ ឬអាចនៅថ្ងៃចន្ទនេះ នៅផ្សារហ៊ុន New York Stock Exchange ជាទីកន្លែងដែលក្លិបធ្វើការជួញដូរ៕