(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឱ្យដឹងថាលោកនឹងបង់ពន្ធនូវទឹកប្រាក់ប្រមាណជាង ១១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ដែលវាជាការបង់ប្រាក់ដ៏ច្រើនបំផុត និងមិនធ្លាប់មានសម្រាប់ជនជាតិអាមេរិក នៅ ក្នុង ប្រវត្តិសាស្ត្រ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោក Elizabeth Warren បានបង្ហោះសារនៅលើ បណ្ដាញសង្គម Twitter ថា លោក Musk គួរតែបង់ប្រាក់ និងបញ្ឈប់ ការគេចវេស ឬអំពាវនាវឱ្យអ្នកដទៃធ្វើដូចខ្លួនដើម្បីគេចវេស ពីការបង់ពន្ធ។

ជាលើការឆ្លើយតប កំពូលមហាសេដ្ឋីរូបនេះបានបង្ហោះសារនៅលើ Twitter ថាលោកនឹងបង់ពន្ធប្រមាណជា ១១ពាន់លានដុល្លារអាមេរិក ខណៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះលោកបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដោយ ទទួល បានប្រាក់រហូតដល់ជិត ១៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះវិនិយោគិនរបស់ក្រុមហ៊ុន Tesla មួយរូបគឺលោក David Wagner ដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីមួយនេះជុំវិញការបង្ហោះសាររបស់លោក Musk ក្នុងការស្ទង់មតិលក់ហ៊ុន ចំនួន ១០ភាគរយ៕