(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ផ្សារក្តឿងរាយ ស្ថិតនៅក្នុងដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ «ផលិតផលកសិកម្មកម្ពុជា» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រភេទផលិតផលកសិកម្មកម្ពុជា ដែលមិនប្រើប្រាស់សារធាតុគីមី។

បើតាមលោក ម៉ៅង អៀង ម្ចាស់ផ្សារក្តឿងរាយ បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ជាពិសេសខេត្តព្រៃវែង កំពុងមានសក្តានុពេលលើផលិតផលកសិកម្ម ដែលភាគច្រើន គឺប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនទាន់ស្គាល់ពីប្រភេទផលិតផលកសិកម្មរបស់កម្ពុជាដែលផលិតបានច្រើននោះទេ ដូច្នេះ បានជាលោករៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍នេះឡើង ។

លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៌នេះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល និងបានប្រាស្រ័យទាក់ទងគ្នារវាអាជីវករ និងអ្នកប្រើប្រាស់ រួមជាមួយនឹងការផ្លាស់ប្តូរមុខទំនិញនៅក្នុងប្រទេសឱ្យកាន់តែមានគុណភាព ស្តង់ដារ និងទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។

លោក ម៉ៅ អៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសហគ្រាសរួមជាមួយនឹងប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ចូលរួមព្រឹត្តិការណ៍តំាងពិព័រណ៌នេះនៅក្នុងបរិវេណផ្សារក្តឿងរាយនេះ ឱ្យបានច្រើនកុះករ ដើម្បីផ្តល់តម្លៃ និងលើកកម្ពស់ផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទទួលស្គាល់ និងប្រើប្រាស់កាន់តែច្រើនបានមួយកម្រិតទៀត ជាពិសេសគឺជួយកសិករឱ្យមានជីវភាពធូធារ។

យោងតាមសេចក្តីជូនដំណឹងរបស់ផ្សារក្តឿងរាយ បានឱ្យដឹងថា នៅក្នុងឱកាសនៃព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏ធំមួយនេះ ក៏មានការប្រគុំដន្ត្រីសម័យរយៈពេល៣យប់ និង៣ថ្ងៃជាប់គ្នាៗ ដោយមានតារាចម្រៀង និងតារាកំប្លែងល្បីៗប្រចាំកម្ពុជា ដូចជា៖ នាយក្រូច អ្នកនាង អ៊ីត នាយចឺម លោក ខាត់ ជេមន៍ លោកណយ វណ្ណេត និងតារាចម្រៀង តារាកម្លែងល្បីជាច្រើនរូបចូលរួមផងដែរ។

ផ្សារក្ដឿងរាយ ឬផ្សារចែកចាយភូមិ១ ផលិតផល១ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្កើតការងារ ក្នុងមូលដ្ឋាននិងបង្កើតទីផ្សារសម្រាប់ទទួលទិញកសិផលពីកសិករមកពីទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 016 9152 05 /088 598 58 56៕