(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសហការជាមួយផលិតកម្មរាម ផលិតបទចម្រៀង «អ្នកចម្បាំង» ដើម្បីចូលរួមជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធ។

លោក អ៊ូ តារា បានឲ្យដឹងថា បទ «អ្នកចម្បាំង» នេះ កើតចេញពីកិច្ចសហការរវាងផលិតកម្មរាម និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ គោលបំណងនៃការផលិត គឺស្របគោលគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡាគ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ SEA Games 2023»។

ការថ្លែងបែបនេះ បន្ទាប់ពីបទចម្រៀងបែបសិល្បៈក្បាច់គុនបុរាណខាងលើ ត្រូវបានសម្ដែង និងបង្ហាញសាធារណៈលើកដំបូង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ។

លោកបន្ដថា «បទអ្នកចម្បាំង បានបញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហើយលេចជាទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃដល់បុព្វបុរស ទំនៀមទំលាប់ ប្រពៃណីអ្នកហាត់គុន ជំនឿសាសនា និងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតកដ៏វិសេសវិសាលមួយនេះ»។

អគ្គលេខាធិការរងសហព័ន្ធដដែលបន្ថែមថា «តាមរយៈបទអ្នកចម្បាំងនេះ យើងរំពឹងថា នឹងអាចជំរុញទឹកចិត្ត ឬកៀគរ មហាជន និងយុវជនឲ្យចូលរួមក្នុងចលនាគាំទ្រ គុនល្បុក្កតោ ដើម្បីឲ្យមរតកដូនតាមួយនេះពេញនិយមនៅក្នុង និងសាយភាយទៅក្រៅប្រទេស ឲ្យស័ក្ដិសមជាមរតករបស់មហានគរ ហើយជាពិសេសចូលរួមជាមួយយុទ្ធនាការជាតិផ្សព្វផ្សាយពីព្រឹត្តិការណ៍ SEA GAMES-ASEAN PARA GAMES 2023»។

តាមការគ្រោងទុកបទ «អ្នកចម្បាំង» ដែលសហការផលិតដោយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងផលិតកម្មរាមនេះ នឹងត្រូវរៀបចំពិធីប្រគល់-ទទួលធំមួយ ដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយភ្ជាប់ជាមួយបទចម្រៀង អមជាមួយវីដេអូ MV សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដ៏យុទ្ធនាការជាតិផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ៕