(ភ្នំពេញ)៖ កីឡាការ៉ាតេកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ២គ្រឿងក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ (The 17th Asian Karate Championship Seniors 2021) នៅទីក្រុង Almaty នៅប្រទេសកាហ្សាក់ស្ថាន។

ព្រឹត្តិការណ៍នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានអត្តពលិកមកពី ៤៥ប្រទេសក្នុងតំបន់អាស៊ីចូលរួម ក្នុងនោះក៏មានវត្តមានក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេជម្រើសជាតិកម្ពុជា ១៥រូបផងដែរ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតបាន ២ថ្ងៃ គិតត្រឹមល្ងាចថ្ងៃទី២០-ធ្នូ អត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង រួមមានកីឡាការិនី លឹម សុខវិច្ឆិកា ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាយុវនារីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភា ដណ្ដើមបានមេដាយសំរឹទ្ធដូចគ្នា លើវិញ្ញាសាយុវនារី U21 ទម្ងន់ក្រោម ៥៥គីឡូក្រាម។

លឹម សុខវិច្ឆិកា បានសម្ដែងការសប្បាយចិត្ត ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ ដ្បិតនេះជាលើកដំបូង ដែលនាងបានចូលរួមជើងឯកអាស៊ី។ វិច្ឆិកា និយាយថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ទោះមិនបានមេដាយមាសក៏ដោយ ដោយសារតែនេះជាលើកទី១ ដែលខ្ញុំចេញមកប្រកួតជើឯកអាស៊ី ហើយទទួលបានមេដាយសំរឹទ្ធទៀត។ នេះជាលទ្ធផលល្អមួយ បន្ទាប់ពីខ្ញុំឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញចំនួន ៤ប្រកួត»

គួរដឹងថា បច្ចុប្បន្នកីឡាករ-កីឡាការិនីកម្ពុជា មួយចំនួនបានបញ្ចប់ការប្រកួតរបស់ខ្លួនហើយ ខណៈកីឡាករ-កីឡាការិនីមួយចំនួនទៀត នឹងត្រូវបន្ដការប្រកួតនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូនេះ ដើម្បីប្រជែងមេដាយជូនជាតិបន្ដទៀត៕