(អាមេរិក)៖ ក្រុមហ៊ុនសូហ្វវែរយក្ស Oracle នឹងទិញក្រុមហ៊ុនកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក Cerner ជាមួយនឹងកិច្ចព្រមព្រៀងជាសាច់ប្រាក់ទាំងអស់ក្នុងតម្លៃ ៩៥ដុល្លារអាមេរិកក្នុងមួយហ៊ុន ឬប្រហែលនឹង ២៨,៣ ពាន់លានដុល្លារអាមេរិក ហើយវាក៏ជាការទិញលក់មួយដែលមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយនេះ អាចនឹង ត្រូវ ធ្វើឡើងជាផ្លូវការនៅចុងឆ្នាំ២០២២ ខណៈដែលនៅពេលនេះក្រុមហ៊ុនទាំងពីរ រួមនឹងស្ថាប័នពាក់ព័ន្ធកំពុងតែសិក្សាទៅលើលក្ខខណ្ឌផ្សេង ខណៈដែលវាអាចនឹងជួយឱ្យក្រុមហ៊ុន Oracle បង្កើនវត្តមានរបស់ខ្លួនក្នុងការថែទាំសុខភាពដោយការនាំយកទិន្នន័យសុខភាពទៅកាន់សេវាកម្ម Cloud។

កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងថា Oracle នឹងទិញ Cerner ហើយដំណឹងនេះផងដែរ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានធ្លាក់ចុះ ៥ភាគរយភ្លាមៗ។

កិច្ចព្រមព្រៀងមួយនេះត្រូវបានគេដឹងថា វាគឺជាការទិញយកក្នុងតម្លៃដ៏ធំបំផុត និងមិនធ្លាប់មានសម្រាប់ Oracle ចាប់តាំងពី ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ខណៈដែលនៅពេលនេះតម្លៃទីផ្សាររបស់ក្រុមហ៊ុន Oracle មានរហូតដល់ ២៦៤ ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Oracle បាននិយាយថា ការទិញយកនឹងធ្វើឱ្យមានការកើនឡើងភ្លាមៗចំពោះប្រាក់ចំណូលរបស់ក្រុមហ៊ុន ហើយក៏រំពឹងថា Cerner នឹងក្លាយជា «ម៉ាស៊ីនបង្កើនប្រាក់ចំណូលបន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ច្រើនឆ្នាំទៅមុខទៀត»