(ភ្នំពេញ)៖ គ្រាន់តែបានទស្សនា Trailer MV ចម្រៀងថ្មីរបស់ផលិតកម្ម Galaxy Navatra ចំណងជើងថា «LAMBO TOY» មានមហាជនមួយចំនួន សម្តែងការចាប់អារម្មណ៍ថា ខណៈអ្នកនិពន្ធពិតជាមានគំនិត ច្នៃប្រឌិតមិនធម្មតាឡើយ ព្រោះក្នុងវីដេអូមានឈុតមួយចំនួនបានបង្ហាញថា សត្វគោផឹកសុទ្ធតែស្រាហម និងក្លែមស្រីសាលម៉ុន។

ការទន្ទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយ បទ «LAMBO TOY» របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញ Trailer ខ្លីមួយ បង្ហាញចំណុចគូរឲ្យចាប់អារម្មណ៍ ដោយអ្នកដឹកនាំសម្ដែងបានយករថយន្តទំនើបៗដូចជា LAMBO mclaren Rolls-Royce មកដឹកចំបើងឲ្យគោស៊ី។ ចំណែកគោវិញ ត្រូវបានថែទាំដោយស្រីស្អាតៗជាច្រើន ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាម៉ុន។

បទចម្រៀង «LAMBO TOY» អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបអាយសូរ ហាយក្លាស់ លំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ញ៉ែស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

អាចនិយាយថា ជាគំនិតច្នៃប្រឌិតថ្មីមួយ របស់អ្នកដឹកនាំសម្ដែងដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ បែបណាក្ដី Full MV នៃបទ «LAMBO TOY» នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ត្បិតអីផលិតកម្មមិនព្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើប Galaxy និងបញ្ចេញ Full MV ប៉ុន្មានថ្ងៃខាងមុននេះហើយ។

មហាជនបានដាក់ក្ដីរំពឹងថា បទ «LAMBO TOY» និងផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដី មិនចាញ់បទ «Are you ok» ឡើយ ដែលខណៈពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង ១១៥លានដងឯណោះ ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ៕