(បរទេស)៖ ខ្សែភាពយន្តវគ្គថ្មីនៃខ្សែស្រាឡាយ Spider-Man ចំណងជើងថា «Spider-Man: No Way Home» ត្រូវបានកត់ចូលក្នុងកំណត់ត្រា ខ្សែភាពយន្តរកចំណូលបានច្រើនបំផុតរបស់ Marvel ត្រឹមការចាក់បញ្ចាំងក្នុងសប្តាហ៍ដំបូងប៉ុណ្ណោះ ពោលគឺទទួលបានប្រាក់ចំណូល ពីការចាក់បញ្ចាំងនៅជុំវិញពិភពលោករហូតដល់ជាង ៦០០លានដុល្លារ ខណៈចំណាយផលិតអស់ត្រឹមតែ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

តាមរបាយការណ៍បានបង្ហាញថា ប្រាក់ចំណូលដែលបានពីការចាក់បញ្ចាំងនៅគ្រប់រោងកុនទូទាំងពិភពលោក សម្រាប់សប្តាហ៍ដំបូងនៃរឿង «Spider-Man: No Way Home» រកបានរហូតដល់ ៦០០.៨លានដុល្លារអាមេរិក ខណៈការរំពឹងទុកពីដំបូង គឺត្រឹមតែ ៥៨៧.២លានដុល្លារប៉ុណ្ណោះ។ ក្នុងចំណោមប្រាក់ចំណូលដែលទទួលបាន ៦០០.៨លានដុល្លារអាមេរិកនោះ គឺត្រូវបានគេដឹងថា មាន២៦០លានដុល្លារ បានមកពីការចាក់បញ្ចាំងនៅអាមេរិក និងកាណាដា។

ការទទួលបានប្រាក់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់ពេលនេះ បានធ្វើឲ្យរឿង «Spider-Man: No Way Home» ក្លាយជាភាពយន្តទី២ ក្នុងបញ្ជីភាពយន្តដែលរកចំណូលក្នុងស្រុកបានច្រើនបំផុត ពីការចាក់បញ្ចាំងក្នុងសប្តាហ៍ដំបូង ខណៈរឿងលើកមុននោះ គឺ «Avengers: Infinity War» ដែលបានចំណូលបាន ២៥៨លានដុល្លារ ក្នុងឆ្នាំ២០១៨។

គួរជម្រាបថា សម្រាប់ភាពយន្ត Spider-Man វគ្គថ្មី ដែលមានចំណងជើងថា Spider-Man: No Way Home នេះ ក៏មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ៕