(រីយ៉ូ)៖ ក្លិបបាល់ទាត់ Sao Paulo បានសម្រេចនូវការព្រមព្រៀង ក្នុងការចុះកិច្ចសន្យា ជាមួយអតីតខ្សែការពារក្លិប Bayern Munich កីឡាករ Rafinha លើការផ្ទេរដោយឥតបង់ថ្លៃ, នេះបើតាមការបញ្ជាក់ពីក្លិប របស់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។

កិច្ចសន្យារបស់កីឡាករ វ័យ៣៦ឆ្នាំរូបនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២២ ជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ប្រសិនបើភាគីទាំងពីរព្រមព្រៀងគ្នា។

Rafinha បានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីចាកចេញពីក្លិប Gremio ក្រោយពីពួកគេបានធ្លាក់ ទៅលេងនៅលីគ Serie B របស់ប្រេស៊ីល កាលពីដើមខែនេះ។

ក្លិប Sao Paulo បានបញ្ចប់នៅលេខរៀងទី១៣ ក្នុងចំណោម២០ក្រុម ដែលលេងនៅលីគ Serie A របស់ប្រេស៊ីល ក្នុងឆ្នាំនេះ៕