(មេនឆេស្ទឺ)៖ ក្លិប Manchester United បានសម្រេចបើកឡើងវិញនូវទីលានហ្វឹកហាត់ Carrington របស់ពួកគេ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបង្ខំឲ្យមានការពន្យារពេលការប្រកួតក្នុងលីគ Premier League ចំនួន ២លើកផងដែរ។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

United បានបិទទីលាន Carrington ២៤ម៉ោងចំនួន ៨ថ្ងៃកន្លងទៅ ហើយការប្រកួតរបស់ពួកគេ ប៉ះទល់នឹងក្លិប Brentford និងការធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton ត្រូវបានពន្យារពេលជាបន្តបន្ទាប់។

«កីឡាកររបស់ United បានចាប់ផ្តើមត្រឡប់ទៅហ្វឹកហាត់នៅទីលាន Carrington វិញ» នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ ទីលានត្រូវបានបិទ សម្រាប់ប្រតិបត្តិការហ្វឹកហាត់របស់ក្រុមជម្រើសដំបូងកាលពីសប្តាហ៍មុន ដោយសារការផ្ទុះឡើងពីជំងឺកូវីដ១៩ នៅឯក្លិប ប៉ុន្តែបានបើកឡើងវិញនៅព្រឹកថ្ងៃអង្គារ។

ក្លិបបន្ថែមថា នេះនឹងផ្តល់ឲ្យអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick និងក្រុមរបស់លោក មានពេលវេលាក្នុងការត្រៀមសម្រាប់ការប្រកួតបន្តទៀតនៅពេលខាងមុខ ក្នុងលីគ Premier League ដែលត្រូវប៉ះក្រុម Newcastle United នៅឯកីឡដ្ឋាន St James' Park នាថ្ងៃទី២៧ ខែធ្នូខាងមុខ។

Premier League បានប្រកាសនៅថ្ងៃចន្ទថា ខ្លួននឹងបន្តជាមួយនឹងគម្រោងការប្រកួតរបស់ខ្លួន បើទោះបីជាមានការរាតត្បាតពីជំងឺកូវីដ១៩ ក៏ដោយ ដែលការរាតត្បាតនេះ បានបង្ខំឲ្យការប្រកួតចំនួន៦ ក្នុងចំណោមការប្រកួតចុងសប្តាហ៍ចំនួន១០ ត្រូវបានពន្យារពេល។

United នឹងធ្វើដំណើរទៅជួបក្រុម Newcastle នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Burnley ៣ថ្ងៃបន្ទាប់៕