(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Eddie Nketiah រកបាន ៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៥-១ លើក្រុមមកពី League One, Sunderland ដើម្បីជួយកាំភ្លើងធំ Arsenal ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup (Carabao Cup) រដូវកាលនេះ។

នេះក៏ជាគ្រាប់ទី៥ ក្នុងចំណោម ៣ប្រកួតនៅ League Cup រដូវកាលនេះរបស់កីឡាករវ័យ ២២ឆ្នាំ Nketiah ផងដែរ នៅពេលមិត្តរួមក្រុម Charlie Patino វ័យ ១៨ឆ្នាំ ក៏រកបាន ១គ្រាប់ក្នុង injury-time ទៀតដែរនៅកីឡដ្ឋាន Emirates។

ក្រុមរបស់លោក Mikel Arteta នឹងរកឃើញដៃគូប្រកួតក្នុងវគ្គ ៤ក្រុមរបស់ពួកគេនៅ Carabao Cup ក្រោយជំនួបរវាង Tottenham Hotspur ទទួលក្រុមញញួរធំ West Ham United ដែលធ្វើឡើងនៅរាត្រីថ្ងៃពុធនេះ និង ២ប្រកួតទៀតរវាង Brentford ប៉ះតោខៀវ Chelsea និង Liverpool ប៉ះ Leicester City នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ចប់វគ្គ ៨ក្រុមចុងក្រោយនោះ។

ដូចគ្នានោះដែរ Arteta ក៏បានអបអរជ័យជម្នះនេះក្នុងការដឹកនាំ Arsenal បាន ២ឆ្នាំមកនេះ ដែលធ្លាប់ដឹកនាំឈ្នះជើងឯក FA Cup ម្តងដែរនាឆ្នាំ២០១៩-២០២០ ក្នុងរដូវកាលដំបូងរបស់លោក៕