(អាមេរិក)៖ គណៈកម្មការអឺរ៉ុប (EU) បានយល់ព្រម និងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft ទិញយក ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) Nuance Communications ក្នុងតម្លៃ ១៦ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានស៊ើបអង្កេត និងត្រួតពិនិត្យរួចរាល់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមខែធ្នូនេះ គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេត និងត្រួតពិនិត្យទៅលើកិច្ចព្រមព្រៀងទិញលក់រវាង Microsoft និង Nuance Communications ដើម្បីឱ្យប្រាកដថា ការទិញលក់មួយនេះមិនបានល្មើស ឬរំលោភលើច្បាប់ប្រកួតប្រជែង និងច្បាប់ផ្ដាច់មុខ។
កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា ជាកិច្ចព្រមព្រៀងទិញលក់មួយដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Microsoft បន្ទាប់ពីទិញក្រុមហ៊ុន LinkedIn កាលពីឆ្នាំ២០១៦ ក្នុងតម្លៃ ២៦,២ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Microsoft បានប្រកាសពីកិច្ចព្រមព្រៀងទិញលក់ជាមួយនឹងក្រុមហ៊ុន Nuance Communications ក្នុងតម្លៃ ១៦ពាន់លានដុល្លារអាមេរិកកាលពីខែមេសាកន្លងទៅនេះ ដោយក្នុងនោះ Microsoft មានគោលបំណងពង្រីកសេវាកម្មថែទាំសុខភាពតាមអនឡាញដោយប្រើប្រាស់បច្ចេកវិទ្យា AI របស់ Nuance Communications ហើយកិច្ចព្រមព្រៀងមួយនេះត្រូវបានធ្វើឡើងតាមបទប្បញ្ញត្តិសហរដ្ឋអាមេរិក និងអូស្ត្រាលីរួចរាល់ហើយផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា AI របស់ Nuance Communications ត្រូវបានគេស្គាល់យ៉ាងច្បាស់ ព្រោះថាកន្លងមកក្រុមហ៊ុនមួយនេះបានជួយត្រួសត្រាយផ្លូវ និងដាក់ឱ្យដំណើរការនូវមុខងារ Siri របស់ក្រុមហ៊ុន Apple និងបានបម្រើដល់ វិស័យថែទាំសុខភាព នៅសហរដ្ឋអាមេរិករហូតដល់ ៧៧ភាគរយ៕