(សៀមរាប)៖ ធនាគារ ជីប ម៉ុង បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ជីប ម៉ុង ក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ ជាពិសេសផ្តោតសំខាន់ទៅលើការរៀបចំទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២។

កម្មវិធីរយៈពេល៣ថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន ជាមួយនឹងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីបន្តអភិវឌ្ឍធនាគារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក៏ដូចជាសកម្មភាពកម្សាន្តជាក្រុម ដែលជួយឱ្យគណៈគ្រប់គ្រងកាន់តែមានភាពស្និទ្ធស្នាល និងបង្កើនសាមគ្គីភាពរវាងគ្នានិងគ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ គណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារ ជីប ម៉ុង ក៏បានធ្វើដំណើរទស្សនកិច្ចទៅសាខាខេត្តបាត់ដំបង និងសាខាខេត្តសៀមរាប ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ជាពិសេសកសាងទំនាក់ទំនងជាមួយសមាជិកនៅតាមបណ្តាខេត្តផងដែរ។

តាមរយៈកិច្ចប្រជុំនេះ គណៈគ្រប់គ្រងធនាគារ ជីប ម៉ុង មានសុទិដ្ឋិនិយមជាខ្លាំង និងបេ្តជ្ញាចិត្តបន្តផ្តល់សេវាកម្មឱ្យកាន់តែប្រសើរជូនអតិថិជន ដែលធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាធនាគារពាណិជ្ជលំដាប់ខ្ពស់ក្នុងប្រទេសកម្ពុជានាពេលដ៏ឆាប់ខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានសាខារបស់ខ្លួនចំនួន១១សាខាហើយ ក្នុងនោះ៨សាខាមាននៅរាជធានីភ្នំពេញ ព្រមទាំងនៅខេត្តកំពង់ចាម១សាខា នៅខេត្តបាត់ដំបង១សាខា និងនៅខេត្តសៀមរាប១សាខា។ ក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារ ជីប ម៉ុង គ្រោងនឹងបើកសាខាបន្ថែម ដោយដាក់ពង្រាយទូ ATM ពង្រីកភ្នាក់ងារធនាគារ ក៏ដូចជាចាប់ដៃគូសហការជាមួយអាជីវកម្មទាំងក្នុងនិងក្រៅប្រទេសផងដែរ៕