(ភ្នំពេញ)៖ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនបានរចនារូបភាពកំពូលតារាបាល់ទាត់លំដាប់ពិភពលោក របស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសអស្ចារ្យជូន ដល់អ្នកគាំទ្រនៅកម្ពុជា។

អ្នកស្រី គង់ កុសល បានឲ្យដឹងថា «ក្នុងនាមជាដៃគូសហការពាណិជ្ជកម្មល្អឥតខ្ចោះ របស់ក្រុមបាល់ទាត់ Manchester City ស្រាបៀរ កម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលអាចនាំក្តីរំភើប និងផ្តល់អារម្មណ៍ពិសេសអស្ចារ្យ ដល់អតិថិជន តាមរយៈការរចនារូបភាពយ៉ាងស្រស់ស្អាត របស់កំពូលតារាមានឈ្មោះល្បីល្បាញខ្លាំង ក្នុងវិស័យបាល់ទាត់ដែលតែងនាំភាពរីករាយ ជូនអ្នកគាំទ្រគ្រប់ទិសទីរួមទាំងកម្ពុជាផងដែរ»

អ្នកស្រីបញ្ជាក់បន្ថែមថា កន្លងមកសំបកកំប៉ុងវេចខ្ចប់ស្រាបៀរ កម្ពុជា មានរូបកីឡាករចំនួន៣នាក់ រចនាបញ្ចូលគ្នាលើកំប៉ុងតែមួយ ក៏ប៉ុន្តែការរចនាថ្មីមានភាពពិសេសត្រង់ថា កំប៉ុងនីមួយៗ នឹងមានរូបកីឡាករម្នាក់ដាច់ដោយឡែក បញ្ចេញកាយវិការយ៉ាងអង់អាច មោះមុតបំផុត ក្នុងការប្តេជ្ញាចិត្តដណ្ដើមជ័យជំនះជូនក្រុម និងអ្នកគំាទ្រជានិច្ច។ រឹតតែអស្ចារ្យទៀតនោះ ក្រុមហ៊ុនបានបន្ថែមរូបកីឡាករ ៣នាក់ផ្សេងទៀតធ្វើឲ្យរូបកីឡាករសរុបទំាងអស់មាន៦រូបផ្សេងគ្នា ដូច្នេះអ្នកគាំទ្រអាចមានឱកាសទទួលបានកំប៉ុង មានរូបកំពូលតារាក្នុងដួងចិត្តរបស់ខ្លួន រាល់ពេលពិសាស្រាបៀរ កម្ពុជា។

អ្នកស្រីបន្ថែមថា កីឡាករថ្មីទាំងនោះរួមមាន៖
១៖ កីឡាករ Jack Grealish ជាខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោដែលក្រុម ទើបទិញក្នុងតម្លៃខ្លួនប្រមាណ១០០លានផោន ឬស្មើនឹងជាង ១៣៣លានដុល្លារអាមេរិក។
២៖ កីឡាករ João Cancelo ខ្សែការពារស្លាបស្តាំដ៏ឆ្នើម។
៣៖ កីឡាករ Rodrigo Hernández Cascante ជាខ្សែបម្រើដ៏ឆ្នើម។

ក្រៅពីកីឡាករទាំងនេះ ក៏មានកីឡាករ៣រូបទៀតរួមមាន៖
១៖ កីឡាករ Jonh Stone ជាខ្សែការពារល្អបំផុតមួយនៅអឺរ៉ុប។
២៖ កីឡាករ Kevin De Bruyne ជាខ្សែបម្រើប្រយុទ្ធឆ្នើម។
៣៖ កីឡាករ Kyle Walker ជាខ្សែការពារដ៏ល្អរបស់ក្លិប។

អ្នកស្រី គង់ កុសល បានបន្តថា «តាមរយៈការនាំយកការរចនាពិសេសនេះសង្ឃឹមថា អតិថិជននឹងពេញចិត្ត ហើយបន្តគាំទ្រស្រាបៀរ កម្ពុជា។ ស្រាបៀរ កម្ពុជា នឹងតែងតែបន្តរិះរកអ្វីថ្មីជូនអថិតិជនជានិច្ច»

សូមជម្រាបថា សំបកកំប៉ុងស្រាបៀរ កម្ពុជា ជាមួយនឹងរូបភាពថ្មីនឹងត្រូវដាក់ចរាចរណ៍នៅលើទីផ្សារចាប់ពីពេលនេះតទៅ៕