(ភ្នំពេញ)៖ កម្ពុជា ទទួលបាននូវបទពិសោធទេសចរណ៍បែបឌីជីថល 4.0 ពីបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយការទូទាត់ តាមរយៈភាពជាដៃគូ របស់ក្រុមហ៊ុនវីង និង ក្រុមហ៊ុនវ៉នឌើរផាស។

ក្រុមហ៊ុន វ៉នឌើរផាស ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន វីង ម៉ាន់នី (ខេមបូឌា) ម.ក ដើម្បីសហការជាដៃគូយុទ្ធសាស្ត្រ ក្នុងការជំរុញការទូទាត់តាមឌីជីថល ក្នុងយុគសម័យទំនើបនៃវិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង និងលោក Frederic H. Proulx ប្រធានក្រុមហ៊ុន វ៉នឌើរផាស និងជាប្រធានសភាពាណិជ្ជកម្មកាណាដានៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពីកិច្ចសហការរវាងក្រុមហ៊ុន វ៉នឌើរផាស និង ក្រុមហ៊ុនវីង ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យាទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដំណោះស្រាយទូទាត់ឧបករណ៍ពាក់ដៃ សំបុត្រឆ្លាតវៃ ក៏ដូចជាឌីជីថលភាវូនីយកម្ម នៃបទពិសោធន៍ភ្ញៀវទេសចរក្នុងកំឡុងពេលក្រោយកូវីដ។

លោក ម៉ានូ រ៉ាចាន់ បានថ្លែងថា «ដំណោះស្រាយឌីជីថល ជួយអ្នកទេសចរឲ្យរៀបចំផែនការធ្វើដំណើររបស់ពួកគេ ហើយថែមទាំងជួយឲ្យការទូទាត់បានលឿន សុវត្ថិភាព និងមានការការពារ នៅមុនពេល កំឡុងពេល និងក្រោយពេលការធ្វើដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ធដំណោះស្រាយ នៃការទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយរបស់វីង»។

លោកបន្ដថា «ភាពជាដៃគូនៅថ្ងៃនេះ នឹងអនុញ្ញាតឲ្យពួកយើងពង្រីកដំណោះស្រាយ និងប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់តាមឌីជីថលរបស់យើង ដើម្បីគាំទ្រដល់ការ ស្តារឡើងវិញ នៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងជួយប្រទេសនេះ ក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃទៀត នៅក្នុងតំបន់»។

ខ្សែដៃវ៉នឌើរផាស អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ ដោយមិនចាំបាច់ប្រើសាច់ប្រាក់ផ្ទាល់ ជាមួយហាងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថលរបស់វីង។

លោក Frederic H. Proulx បានថ្លែងថា «ការវិវត្តនៃការធ្វើដំណើរជាសាកល ដែលជាផែនការទេសចរណ៍បែបឌីជីថល4.0 គឺជាចំណុចសំខាន់មួយ ដែលវ៉នឌើរផាសអាចជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍កម្ពុជា នៅពេលដែលពួកគេកំពុងប្រកួតប្រជែងនៅក្នុងតំបន់ តាមរយៈការផ្តល់នូវបទពិសោធន៍ នៃការធ្វើដំណើរដ៏រលូន និងងាយស្រួលបំផុតសម្រាប់អ្នកទេសចរ»។

វ៉នឌើរផាស ត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពជាដៃគូដែលមានគោលបំណងប្រតិបត្តិ និងផ្សព្វផ្សាយប្រព័ន្ធលក់សំបុត្រ នៅតាមតំបន់ទេសចរណ៍ និងគោលដៅនានារបស់ប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយគេហទំព័រ និងកម្មវិធីទូរស័ព្ទ «Visit Cambodia» និង «Kingdom of Wonder»។

ក្រុមហ៊ុនវីង និងក្រុមហ៊ុនវ៉នឌើរផាស មានឆន្ទៈក្នុងការប្រើប្រាស់ជំនាញរបស់ពួកគេ ក្នុងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយការទូទាត់តាមឌីជីថល ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

ក្រុមហ៊ុន វីង ត្រូវបានគេស្គាល់តាមរយៈភ្នាក់ងារវីង ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការដកប្រាក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ខណៈដែលកម្មវិធីស្មាតហ្វូនវីង ផ្តល់នូវដំណោះស្រាយទូទាត់តាមឌីជីថលជាច្រើន។

ក្រុមហ៊ុនវ៉នឌើរផាស គឺជាក្រុមហ៊ុនដែលអាចគ្រប់គ្រងព្រឹត្តិការណ៍ និងលក់សំបុត្រឆ្លាតវៃដោយមិនបាច់ប្រើសាច់ប្រាក់ផ្ទាល់ ដែលត្រូវបានដាក់ឲ្យដំណើរការ ដោយមានការគាំទ្រពីក្រុមហ៊ុន Haystack Fund ដែលជាក្រុមហ៊ុនមូលធនវិនិយោគសាកល។

ក្រុមហ៊ុន Haystack Fund បានដាក់ទុនជាទឹកប្រាក់ជាង $2 លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការបណ្តាក់ទុនឌីជីថលនៅក្នុងប្រទេសកម្ពុជា រួមទាំង $1 លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី៕