(ចិន)៖ ក្រុមហ៊ុនប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តធំជាងគេបំផុតក្នុងពិភពលោក China Mobile គ្រោងកៀរគរប្រមូលដើមទុនឱ្យបាន ៥៦ពាន់លានយន់ (ប្រមាណ ៨,៨ពាន់លានដុល្លារអាមមេរិក) នៅពេលចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុនសៀងហៃ ដែលវាជាការប្រមូលដើមទុនធំបំផុត នៅក្នុង ប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងរៃអង្គាស ឬគម្រោងប្រមូល ដើមទុននេះត្រូវបានធ្វើឡើងមួយឆ្នាំបន្ទាប់ពី China Mobile បានចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុនញូវយ៉ក ឬ New York Stock Exchange។

ក្រុមហ៊ុន China Mobile បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ខ្លួនគ្រោងនឹងលក់ភាគហ៊ុនរហូតដល់ ៨៤៥លានហ៊ុនក្នុងតម្លៃ ៥៧,៥៨យន់ក្នុងមួយហ៊ុន ដោយអាចប្រមូលបានទុនសរុបចំនួន ៤៨,៧ពាន់លានយន់ មុនពេលជម្រើសនៃការបែងចែកលើសត្រូវបានអនុវត្ត ហើយបន្ទាប់ពីជម្រើសត្រូវបានអនុវត្តគឺនឹងបង្កើតប្រាក់រហូតដល់ ៥៦ពាន់លានយន់។

ក្រុមហ៊ុនចិនមួយនេះ បានរំលេចឱ្យដឹងផងដែរថា ប្រាក់ដែលទទួលបានពីការគៀងករនេះនឹងត្រូវប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោងនានា រួមទាំងបណ្តាញ 5G កម្រិតខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាកម្ម Cloud និងប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ។

ក្រុមហ៊ុនដែលជាគូប្រជែង និងគ្រប់គ្រងដោយរដ្ឋចិន រួមាន China Telecom និង China Unicom បានចុះបញ្ជីរួចហើយនៅក្នុងប្រទេសចិនរួចហើយ ស្របពេលដែលរដ្ឋាភិបាលចិនបានគំរាមឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទាំងអស់ ដកខ្លួន ពីផ្សារហ៊ុនបរទេស និងត្រឡប់មកចុះបញ្ជីផ្សារហ៊ុនក្នុងស្រុកវិញ៕