(ភ្នំពេញ)៖ មហាជនខ្មែរ ជាពិសេសអ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរីមន្ត បានសម្តែងការកោតសរសើរចំពោះរូបលោកជាខ្លាំង បន្ទាប់ពីបានចំណាយប្រាក់ផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺរហូតដល់ទៅ២លានដុល្លារអាមេរិក ដើម្បីកសាងនៅផ្លូវ និងប្រឡាយទឹកជួយសម្រួលប្រជាពលរដ្ឋ ដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមរយៈការបរិច្ចាគប្រាក់នេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានឲ្យដឹងថា នេះជាចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់រូបលោក ប៉ុន្តែលោករីករាយក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល។

នៅមុននេះបន្តិចតារាចម្រៀងជួរមុខលំដាប់ប្រទេស លោក ខេមរៈ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ការជួយដល់សង្គមជាតិ និងប្រជាជនយើង គឺជាតួនាទីរបស់យើងទាំងអស់គ្នា។ ថវិកា 2,000,000$ (ពីរលានដុល្លា) ជាថវិការដ៏ច្រើនសម្រាប់ខ្ញុំ តែខ្ញុំរីករាយនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បី កសាងនៅផ្លូវ និងប្រឡាយទឹកជួយសម្រួល ដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ទូទាំងប្រទេសតាមអ្វីដែលខ្ញុំអាចធ្វើបាន»។

ភ្ជាប់ជាមួយសារខាងលើនេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកផងដែរ ក្នុងនោះគឺមានលិខិតថ្លែងអំណរគុណ របស់លោក អ៊ុ រាត្រី ដែលជាអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណចំពោះ លោក ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត) ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ ដុល្លារ (ពីរលានដុល្លារ) សម្រាប់ស្ថាបនាផ្លូវប្រវែង ២២គីឡូម៉ែត្រ និងកាយប្រឡាយទឹកប្រវែង ១២គីឡូម៉ែត្រ ស្ថិតនៅភូមិអូអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា តារាចម្រៀង ខេមរៈ សិរីមន្ត បន្ទាប់ពីមានភាពជោគជ័យជាមួយការងារសិល្បៈ ទទួលការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរហើយនោះ បច្ចុប្បន្នលោកត្រូវបានគេដឹងថា កំពុងតែលេចមុខលេចមាត់ខ្លួន ក្នុងការងារជំនួញផ្នែកអចលនទ្រព្យផងដែរ៕