(ភ្នំពេញ)៖ បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយសមាគមសេដ្ឋកិច្ចចិនខ្មែរក័ងតុង សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមទទួលបានជំនួយពីអ្នកវិនិយោគចិននៅកម្ពុជាហើយ ជាក់ស្ដែងនៅថ្ងៃទី២២ ខែធ្នូនេះ ក្រុមហ៊ុន Cambodia-China Investment & Ganku Future Supply China បានឧបត្ថម្ភស៊ុបឆ្នាំងភ្លើងចំនួន ៦០០ប្រអប់ ដែលមានតម្លៃប្រមាណ ៣,០០០ដុល្លារ ។ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានចាត់ទុកការឧបត្ថម្ភខាងលើ គឺជាសញ្ញាចាប់ផ្ដើមនូវការឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់របស់អ្នកវិនិយោគចិននៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសកីឡាវ៉ូវីណាម បន្ទាប់ពីសហព័ន្ធបានចុះ MOU រយៈពេល ៣ឆ្នាំជាមួយសមាគមសេដ្ឋកិច្ចចិនខ្មែរក័ងតុង កាលពីថ្មីៗ ដើម្បីកៀគរអ្នកវិនិយោគចិន ជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់សហព័ន្ធ ពិសេសក្រុមជម្រើសជាតិ ដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោកថា ការឧបត្ថម្ភគាំទ្រពីវិស័យឯកជន បន្ថែមលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡានេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមកម្ពុជាកាន់តែរីកចម្រើន និងធ្វើឲ្យកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិ មានភាពកក់ក្ដៅ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមចូលរូមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី បានប្ដេជ្ញាដណ្ដើមមេដាយមាសជូនជាតិយ៉ាងហោច ៩គ្រឿង ។

ទន្ទឹមជាមួយគ្នាលោកស្រី អ៊ូ ឆាយអ៊ីង នាយិការប្រតិបត្តិក្រុមហ៊ុនខាងលើ ក៏បានសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រវិស័យកីឡាកម្ពុជា ពិសេសកីឡាវ៉ូវីណាម ដែលជាកីឡាមួយដ៏មានសក្ដានុពល និងធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិជាច្រើន ។ តាមរយៈការឧបត្ថម្ភនេះ លោកស្រីរំពឹងថា នឹងក្លាយជាផ្នែកមួយ នៃការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជាឲ្យកាន់តែខ្លាំង និងល្បីល្បាញ់លើឆាកអន្ដរជាតិ ពិសេសទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ផងដែរ៕