(តូរីន)៖ គិតត្រឹម ៥១៣ថ្ងៃកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិអ៉ីតាលី Federico Bernardeschi ទើបអាចរកបានគ្រាប់ស៊ុតបញ្ចូលទីសារជាថ្មីពេលដែលជួយក្រុមសេះបង្កង់ Juventus យកឈ្នះក្រុម Cagliari ២-០ នៅលីគអ៉ីតាលី Serie A ធ្វើឲ្យក្រុមឡើងទៅឈរលេខរៀងទី៥ នៃកំពូលតារាងវិញ។

នេះជាការប្រកួតទី៤៣ របស់កីឡាករ Federico Bernardeschi នៃលីគ Serie A ជាមួយក្លិប Juventus ដែលរូបគេទើបអាចរកបានគ្រាប់ស៊ុតបញ្ចូលទីនៅនាទី៨៣ ក្នុងជំនូបដែលមិត្តរួមក្រុម Moise Kean រកបាន ១គ្រាប់ផងដែរនៃការប្រកួតសប្តាហ៍ទី១៩ ស្ថិតក្រោមការដឹកនាំរបស់លោក Massimiliano Allegri រកបាន ៣៤ពិន្ទុបណ្តោះអាសន្ន។

នេះជាការស៊ុតបាន ១គ្រាប់លើកដំបូងក្នុងរដូវកាល ២០២១-២០២២ របស់ខ្សែប្រយុទ្ធ Federico Bernardeschi ដែលទើបអាចរកបានចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ហើយគិតចាប់ពីឆ្នាំ២០១៧ ដល់២០២១នេះរូបគេរកបាន ១១គ្រាប់។ ប្រកួតបន្ទាប់ក្រុម Juventus ត្រូវប៉ះក្រុម Napoli ហើយក្រុមបាតតារាង Cagliari ប៉ះក្រុម Bologna នៃសប្តាហ៍ទី២០ ដើម្បីប្រជែងរក ៣ពិន្ទុបន្តទៀត៕