(មែលប៊ន)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតវាយតេន្នីស Australian Open នៅតែមិនប្រាកដប្រជានៅឡើយ ថាតើម្ចាស់ការពារពានរង្វាន់ជើងឯកផ្នែកបុរស កីឡាករ Novak Djokovic នឹងចូលរួមប្រកួតដណ្តើមពានរង្វាន់កម្រិត Grand Slam នៅទីក្រុង Melbourne របស់អូស្ត្រាលី នៅខែក្រោយឬអត់នោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

Djokovic សញ្ជាតិសែប៊ី វ័យ ៣៤ឆ្នាំមិនទាន់បានបង្ហាញនៅឡើយនោះទេ ស្តីពីស្ថានភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់លោក។

កីឡាករ និងបុគ្គលិកទាំងអស់ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ Australian Open ត្រូវតែចាក់វ៉ាក់សាំង បើមិនដូច្នោះទេ ត្រូវមានលិខិតបញ្ជាក់ការលើកលែងផ្នែកវេជ្ជសាស្ត្រ ដោយក្រុមអ្នកជំនាញឯករាជ្យ។

«ប្រសិនបើលោក Djokovic បង្ហាញខ្លួនក្នុងការប្រកួត លោកនឹងត្រូវចាក់វ៉ាក់សាំង ឬក៏មានលិខិតលើកលែងផ្នែកវេជ្ជសាស្ត្រដែរ»។ នេះបើតាមលោក Craig Tiley ប្រធានដឹកនាំព្រឹត្តិការណ៍។

លើសពីនោះ លោក Craig Tiley បានបង្ហាញការជឿជាក់ដែរថា កីឡាករ Rafael Nadal សញ្ជាតិអេស្ប៉ាញ នឹងចូលរួមប្រកួតផងដែរ បើទោះបីជាបានរកឃើញវិជ្ជមានកូវីដ១៩ នៅក្នុងសប្តាហ៍នេះក៏ដោយ។

សូមជម្រាបថា Australian Open នឹងធ្វើឡើងនៅទីក្រុង Melbourne ចាប់ផ្តើមពីថ្ងៃទី១៧ ខែមករា ជាមួយនឹងកីឡាករ នឹងចាប់ផ្តើមទៅដល់អូស្ត្រាលី នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមប្រកួតកំដៅសាច់ដុំ៕