(មេនឆេស្ទឺ)៖ ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Benjamin Mendy ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ១ករណីបន្ថែមទៀត ពីលើការចោទប្រកាន់លើកមុន ពីបទរំលោភសេពសន្ថវៈ និងរំលោភបំពានផ្លូវភេទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

Mendy វ័យ ២៧ឆ្នាំ បច្ចុប្បន្នកំពុងត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន ៨ករណីដែលបានប្រព្រឹត្តឡើងលើស្ត្រី ៥នាក់ ក្នុងនោះ ៧ករណី ជាករណីរំលោភសេពសន្ថវៈ។

ការចោទប្រកាន់លើ Mendy ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងចម្លោះពីខែតុលា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១។ ការចោទប្រកាន់ថ្មីចុងក្រោយ គឺមានការជាប់ពាក់ព័ន្ធនឹងដើមបណ្តឹងថ្មី និងបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងកាលពីខែកក្កដា។

Mendy បានចូលរួមប្រកួតចុងក្រោយឲ្យក្លិប City ដែលបានប៉ះនឹងក្រុម Tottenham Hotspur កាលពីថ្ងៃទី១៥ ខែសីហា ហើយត្រូវបានផ្អាកដោយក្លិប ដែលលេងនៅលីគ Premier League នេះកាលពីចុងខែនោះ។ លោកត្រូវបានស្ថិតក្រោមការឃុំខ្លួនចាប់តាំងពីលោកត្រូវបានចាប់ខ្លួនក្នុងខែសីហា។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិបារាំងរូបនេះ បានចុះកិច្ចសន្យាលេងឲ្យក្លិប City ផ្ទេរចេញពីក្លិប AS Monaco ដែលលេងនៅលីគបារាំង Ligue 1 ក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួន ៥២លានផោន (៦៩.២៥លានដុល្លារ)៕