(ម៉ាទ្រីដ)៖ ក្លិប Real Betis លេងនៅលីគកំពូលរបស់អេស្ប៉ាញ Spanish-La Liga បានអះអាងថា លោក Manuel Pellegrini បានបន្តកិច្ចសន្យារបស់លោក ជាគ្រូបង្វឹកក្រុមជម្រើសដំបូងរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

បុរសសញ្ជាតិឈីលី វ័យ ៦៨ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Betis លើកិច្ចសន្យារយៈពេល ៣ឆ្នាំកាលពីរដូវក្តៅឆ្នាំ២០២០ និងបានដឹកនាំក្លិបដែលមានមូលដ្ឋាននៅទីក្រុង Seville មួយនេះឡើងទៅកាន់លំដាប់ថ្នាក់ទី៦ ក្នុងយុទ្ធនាការដំបូងរបស់លោក ដោយធានាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លីគ Europa League។

ក្នុងរដូវកាលនេះ ក្រុមរបស់លោកបច្ចុប្បន្នកំពុងស្ថិតនៅលំដាប់ថ្នាក់ទី៣ ក្នុងលីគ La Liga ឈរនៅពីក្រោយក្លិប Real Madrid និងក្លិប Sevilla ហើយបានឆ្លងផុតវគ្គជម្រុះសម្រាប់លីគ European។

ប្រធានក្លិប Betis លោក Angel Haro បានលើកឡើង កាលពីប៉ុន្មានថ្ងៃមុនថា លោកចង់ឲ្យលោក Manuel Pellegrini ដែលជាអតីតគ្រូបង្វឹកក្លិប Manchester City, Villarreal, Real Madrid និងក្លិប Malaga នៅដឹកនាំបន្តទៀត៕