(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សចិនធំៗចំនួនពីរគឺ Huawei Technologies Co និង China Unicom បានចាប់ដៃគ្នាពង្រីក និងពង្រឹងសមត្ថភាពបច្ចេកវិទ្យា 5G នៅក្នុងទីក្រុងប៉េកាំង ដើម្បីកសាងរដ្ឋធានីមួយនេះឲ្យទៅជាស្ដង់ដារសកលនៃបណ្តាញ 5G។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន China Daily នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចសហការនេះត្រូវបានធ្វើឡើងក្រោយផែនការយុទ្ធសាស្ត្រមួយដែលមានឈ្មោះថា «បងពិសោធន៍ព្រិល ឬយុទ្ធសាស្ត្រព្រិល» ដែលនឹងភ្ជាប់ទំនាក់ទំនងរវាងទីក្រុងប៉េកាំងទៅកាន់តំបន់ទីបេ ជាមួយនឹងការពង្រីកបណ្តាញ 5G គ្រប់ទីកន្លែងទាំងក្នុងផ្លូវក្រោមដីផងដែរ។

លោក Ritchie Peng ប្រធានគ្រប់គ្រងផលិតផល 5G របស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ចាប់តាំងពីផ្ដើមនូវផែនការមួយនេះមក ខ្លួនបានពង្រីកបណ្តាញ 5G ទៅច្រើនកន្លែងនៅក្នុងទីក្រុងប៉េកាំង ដើម្បីគ្របដណ្ដប់ និងផ្ដល់សេវាទាំងនៅផ្លូវក្រោមដី លើភ្នំ ផ្លូវល្បឿនលឿន និងកន្លែងផ្សេងៗជាច្រើនទៀត ដើម្បីប្រែក្លាយទីក្រុងប៉េកាំងទៅជាទីក្រុងឈានមុខគេខាង 5G។

គួរបញ្ជាក់ផងដែរថា ក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានបង្ហាញរបាយការណ៍មួយកាលពីថ្មីៗនេះថា គិតមកដល់ពេលនេះចំនួនទីតាំងស្ថានីយបច្ចេកវិទ្យាបណ្ដាញអ៊ិនធើណែត 5G រហូតនៅក្នុងប្រទេសចិនមានទៅដល់ ១,៣លានកន្លែង៕