(មេនឆេស្ទើ)៖ ក្លិបអង់គ្លេស មេឃខៀវ Manchester City បានព្រមព្រៀងលក់កីឡាករខ្សែប្រយុទ្ធជួរមុខ Ferran Torres ទៅឲ្យក្លិបអ្នកមានបុណ្យ FC Barcelona ហើយក្នុងតម្លៃ ៥៥លានអឺរ៉ូ។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២១ឆ្នាំខាងលើនេះ ទើបរកបាន ៣គ្រាប់ពីការចូលលេងបាន ៧ប្រកួតប៉ុណ្ណោះឲ្យ City នារដូវកាលនេះ ជាមួយនឹងការរកបាន ២គ្រាប់ផងដែរពេលបំបាក់ Arsenal ៥-០ នៅ Premier League កាលខែសីហា ឆ្នាំ២០២១។

ក្លិបនៅតំបន់ Catalan បានព្រមព្រៀងទិញ Torres ពី City ក្នុងតម្លៃ ៥៥លានអឺរ៉ូ ជាមួយប្រាក់បន្ថែម ១០លានអឺរ៉ូទៀត ក្នុងការនាំយកតារាជើងស៊ុតទៅទឹកដី Camp Nou ដ្បិតក្លិបបានកំពុងជួបវិបត្តិហិរញ្ញវត្ថុជាហេតុធ្វើឲ្យ Lionel Messi និង Antoine Griezmann ចាកចេញ និងដល់ថ្នាក់ខ្ចីបុលពីធនាគារផងនោះ។ Barca នឹងមិនអាចដាក់បញ្ចូល Torres ទៅក្នុងក្រុមរបស់ពួកគេបានភ្លាមៗទេ ដរាបណាមិនទាន់លក់កីឡាករខ្លះចេញ ព្រោះវាខុសច្បាប់ទៅនឹងការទិញ-ដូរកីឡាករនៅអេស្ប៉ាញ។

ខ្សែប្រយុទ្ធដែលស្ថិតក្នុងជម្រើសជាតិអេស្ប៉ាញ Ferran Torres បានចូលលេង ៤៣ប្រកួត និងស៊ុតបាន ១៦គ្រាប់ជាមួយ City តាំងពីផ្ទេរចេញពីក្លិបក្នុងស្រុក Valencia នាខែសីហា ឆ្នាំ២០២០ ក៏បានពេញចិត្តក្នុងការចាកចេញពីទឹកដី Etihad នេះផងដែរ ដ្បិតកន្លងមករូបគេក៏ធ្លាប់បា្រប់អ្នកចាត់ការទូទៅ លោក Pep Guardiola ថាចង់ចាកចេញ ដើម្បីមានកៅអីលេងក្នុងជម្រើស ១១នាក់ដំបូងជាប់លាប់៕