(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំងដោយសារធម្មជាតិ និងអាយុកាលយូរឆ្នាំ ហើយការជួសជុលនេះគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ។
លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា កត្តាដែលធ្វើឱ្យសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្តពុកផុយ គឺបណ្ដាលមកពីស្លែល្អិតៗដែលបង្កើតបានទៅជាបាក់តេរី និងកត្តាបង្កដោយសារធាតុគីមី ហើយបំប្លែងទៅជាអាស៊ីដ រួមជាមួយកម្តៅ និងសំណើមផ្សេងៗទៀត។
លោក សុភារិន្ទ បន្ថែមទៀតថា ការជួសជុលសសរទាំង២៣នេះ បានបែងចែកជា២ដំណាក់កាលគឺ ដំណាក់កាលទី១ បានជួសជុលចំនួន១២សសរ ដោយចាប់ផ្តើមកាលពីពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ និងដំណាក់កាលទី២ បានជួសជុលចំនួន១១សសរទៀត ដោយចាប់ផ្តើមពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។
នៅរាល់មុនពេលចាប់ផ្តើមជួសជុល គឺក្រុមអ្នកជំនាញតែងតែប្រើឧបករណ៍ធ្វើតេស្តរកជាតិអំបិល ដែលជាប្រភពនៃការបំផ្លាញសសរ បន្ទាប់មកក្រុមអ្នកជំនាញបានប្រើប្រាស់ឧបករណ៍ទែកម៉ូក្រាហ្វី (The rmography) ដើម្បីថតស្កេនលើសសរទាំងឡាយ ដើម្បីរកមើលកម្រិតសំណើមក្នុងសសរនីមួយៗ ហើយក៏ប្រើឧបករណ៍អ៊ុលត្រាសោន (Ultrasound) ដើម្បីថតផ្ទៃខាងក្នុងរបស់ថ្ម ដើម្បីចង់ដឹងពីភាពពុកផុយរបស់វាកម្រិតណាដែរ៕