(ឥណ្ឌា)៖ ក្រុមហ៊ុន Apple បានផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលពីរបីឆ្នាំហើយ ហើយវានឹងចាប់ផ្តើមសង្វាក់ផលិតកម្ម iPhone 13 ក្នុងចំនួនដ៏ច្រើនសន្ធឹកនៅក្នុងប្រទេសអាស៊ីមួយនេះចាប់ពីខែកុម្ភៈ ឆ្នាំ 2022 នេះទៅ។

បើយោងតាមសារព័ត៌មាន GSM Arena នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា Apple បានធានាការផ្គត់ផ្គង់បន្ទះឈីបពាក់កណ្ដាលសម្រេច សម្រាប់ការផលិតទ្រង់ទ្រាយធំ ហើយបានចាប់ផ្តើមការផលិតសាកល្បងរបស់ iPhone 13 រួចហើយនៅក្នុងរោងចក្ររបស់ Foxconn ក្បែរទីក្រុង Chennai ជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះផលិត iPhone 11 និង iPhone 12 ផងដែរ។

ក្រៅពីរោងចក្រ Foxconn នៅក្នុងទីក្រុង Chennai, Apple ក៏បានផលិត iPhone SE នៅក្នុងរោងចក្រ Wistron នៅទីក្រុង Bengaluru ហើយបើតាមការប៉ាន់ស្មាន ក្រុមហ៊ុននេះផលិតបានប្រហែល ៧០ភាគរនៃ iPhone ដែលខ្លួនលក់នៅក្នុងប្រទេសឥណ្ឌា។

ការផលិត iPhone 13 នៅក្នុងប្រទេសឥណ្ឌា មិនត្រឹមតែជួយ ឲ្យ Apple ទម្លាក់តម្លៃ iPhone ជំនាន់ចុងក្រោយរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឲ្យការផ្គត់ផ្គង់នៅក្រៅប្រទេសផងដែរ ប្រមាណ ២០-៣០ភាគរយ នៃ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាជាធម្មតាត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក។

ខណៈពេលដែលក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមធ្វើធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម iPhone 13 នៅក្នុងប្រទេសឥណ្ឌា នាខែកុម្ភៈខាងមុខនេះ តាមប្រភពបាននិយាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមិនមានគម្រោងផលិត iPhone 13 Pro និង iPhone 13 Pro Max នៅក្នុងទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកនោះទេ៕