(កូរ៉េ)៖ ក្រុមចម្រៀង K-POP ល្បីឈ្មោះ BTS បានក្លាយជាក្រុមចម្រៀងបរទេសដំបូងបង្អស់ ក្នុងរយៈពេល៣៧ឆ្នាំមកនេះ និងជាតារាចម្រៀងបរទេសទី២ បន្ទាប់ពី Michael Jackson ដែលបានឡើងទៅឈរ នៅតំណែងកំពូលប្រចាំតារាងចម្រៀងរបស់ជប៉ុន Oricon។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃទី២២ ខែធ្នូ ម្សិលមិញនេះ ក្រុមហ៊ុនជប៉ុនដ៏ធំគ្រប់គ្រងលើស្ថិតិផ្នែកចម្រៀង គឺ Oricon បានប្រកាសជាផ្លូវការថា ក្រុមចម្រៀង BTS បានឡើងដល់កំពូលតារាង «Year-end album» ក្នុងឆ្នាំ២០២១នេះ សម្រាប់អាល់ប៊ុមចម្រៀងរបស់ពួកគេ «BTS, The Best»។ សម្រាប់ឆ្នាំនេះ គិតចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ Oricon បានកត់ត្រាថា អាល់ប៊ុម «BTS, The Best» គឺលក់ដាច់បំផុត បានរហូតដល់ទៅ ៩៩៣,០០០ កូពី ក្នុងប្រទេសជប៉ុន។

BTS មិនមែនជាតារាចម្រៀងបរទេសដំបូង ដែលទទួលបានកំណត់ត្រាបែបនេះ ព្រោះកន្លងមកគឺបានទៅលើស្តេចចម្រៀងប៉ុប Michael Jackson កាលពី៣៧ឆ្នាំមុន សម្រាប់ស្នាដៃចម្រៀងរបស់លោក លក់ដាច់ខ្លាំងនៅលើ Oricon នេះ។

គួរជម្រាបថា តាមរយៈស្នាដៃអាល់ប៊ុមចម្រៀងរបស់ BTS នៅលើ Oricon គឺបានបំបែកកំណត់ត្រាតាំងពីសប្តាហ៍ដំបូង ដោយបានក្លាយជាអាល់ប៊ុមចម្រៀងបរទេសផ្នែកបុរស លក់ដាច់បំផុតក្នុងសប្តាហ៍ដំបូង រហូតដល់ទៅ ៧៨២,០០០ កូពី។ សមិទ្ធផលនេះ បានធ្វើឲ្យ BTS កាន់តែលេចធ្លោរលើឆាកអន្តរជាតិបន្ថែមទៀត បន្ទាប់ពីកិច្ចការដែលពួកគេបានធ្វើកន្លងមក៕