(ក្រុងឡុងដ៍)៖ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានទទួលការសុំទោសពីអ្នកបោះពុម្ពផ្សាយ ជុំវិញការចោទប្រកាន់បរិហារកេរ្តិ៍ ដោយពុំមានភស្តុតាងច្បាស់លាស់។

ក្រុមហ៊ុន Harper Collins បានបោះពុម្ភសៀវភៅមួយ ដែលរួមបញ្ចូលការអះអាងថា លោក Abramovich បានទិញក្លិបបាល់ទាត់ Chelsea FC ដែលមានមូលដ្ឋាននៅទីក្រុង London ប្រទេសអង់គ្លេស តាមការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នាពេលកន្លងមក។

នៅថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនបានសុំទោសលោក Abramovich ហើយបានបញ្ជាក់ថា ខ្លួនបានឈានដល់ការដោះស្រាយហើយ និងបានកែអត្ថន័យក្នុងសៀវភៅដែលមានចំណងជើងថា «ប្រជាជនរបស់ពូទីន» ដោយអ្នកកាសែតចក្រភពអង់គ្លេស គឺលោកស្រី Catherine Belton ថែមទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបោះពុម្ពផ្សាយបាននិយាយថា សៀវភៅរបស់លោកស្រី Belton «មានព័ត៌មានមិនត្រឹមត្រូវមួយចំនួន» អំពីលោក Abramovich ថាសេដ្ឋីរុស្ស៊ីរូបនេះបានកំពុងធ្វើសកម្មភាព ក្រោមការដឹកនាំរបស់នរណាម្នាក់នៅពេលគាត់ទិញ Chelsea និងសន្យាថា ការបោះពុម្ពថ្មី នឹងរួមបញ្ចូលការពន្យល់លម្អិតបន្ថែមទៀតអំពីការលើកទឹកចិត្តដល់លោក Abramovich សម្រាប់ការទិញក្លឹបនេះ»

អ្នកនាំពាក្យរបស់លោក Abramovich បាននិយាយថា ពួកគេរិគរាយចំពោះដំណោះស្រាយនេះ ហើយបាននិយាយថា ការចោទប្រកាន់នេះ «ខ្វះភស្តុតាង ហើយមិនពិតនោះទេ» ដែលផ្ទុយពីមហិច្ឆតារបស់លោក Abramovich ជាមួយ Chelsea ដែលតែងតែមានភាពច្បាស់លាស់ និងតម្លាភាព ដើម្បីបង្កើតក្រុមលំដាប់ពិភពលោកនៅលើទីលាន និងធានាបានថា ក្លិបដើរតួវិជ្ជមាននៅក្នុងសហគមន៍ទាំងមូល។

ចាប់តាំងពីលោក Abramovich បានទិញ Chelsea មកគ្រប់គ្រងក្នុងឆ្នាំ២០០៣ ក្លិបរហស្សនាម «តោខៀវ» មួយនេះបានឈ្នះពានរង្វាន់ Premier League និង FA Cup ចំនួន ៥ដងដូចគ្នា និងពានរង្វាន់ធំ UEFA Champions League បាន ២ដងដែរ ដោយថ្មីៗនេះគ្រងជើងឯកពានអឺរ៉ុបនេះ នៅពេលផ្តួលគូប្រជែង Manchester City នៅវគ្គផ្តាច់ព្រ័ត្រថែមទៀតផង៕