(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ហៅកាត់ថា KOICA), មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ (Bandos Digital Startup 2021) ដែលធ្វើឡើងនៅអាគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ មានធ្វើបទបង្ហាញពីគម្រោងឌីជីថលសារជីវកម្មថ្មី ចំនួន ៨ក្រុម ដើម្បីធ្វើការជ្រើសរើសចំនួន ៤ក្រុមទៅកាន់វគ្គបន្ទាប់ Pre-incubation។ ក្រុមដែលនឹងជាប់ ឬជ្រើសរើសសម្រាប់វគ្គបន្ទាប់នឹងទទួលបានថវិកា ចំនួន ១ម៉ឺនដុល្លារ សម្រាប់បង្កើត ផលិតផលគម្រូ ឬផលិតផលដែលអាចសម្រេចបានអប្បបរមា (Minimum Viable Product) សម្រាប់បង្ហាញទៅកាន់ទីផ្សារនៅកម្ពុជា។

លោក គីម ជុនស៊ូ (Kim Junsu) នាយករង KOICA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នេះជាសកម្មភាពមួយរបស់ KOICA នៅក្នុងការចូលរួមបង្កើតប្រព័ន្ធអេកូឡូស៉ីសម្រាប់ធុរកិច្ចថ្មីដល់កម្ពុជា។ លើសពីនេះទៅទៀត KOICA បាននឹងកំពុងជួយសាងសង់ អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពជា ក៏ដូចជាបន្តធ្វើការលើគម្រោងផ្សេងទៀតផងដែរ ជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទាក់ទងនឹងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ផងដែរ។

លោក គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមានបំណងបង្កើតប្រព័ន្ធ Starup Ecosystem បានន័យថា យើងមានផ្តល់ជាទីកន្លែងជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងនោះយើងមានអគារកសាងសមត្ថភាព ដើម្បីឲ្យពួកគាត់ចាប់ផ្តើមអាជីវកម្មរបស់ពួកគាត់ ហើយយើងមានកន្លែងសម្រាប់ពួកគាត់ធ្វើការ និងឲ្យយល់ពីបរិបទក្នុងតំបន់របស់យើង ក៏ដូចជាជំនួយបច្ចេកទេស។ យើងចង់បង្កើតជា Ecosystem ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសហគ្រិនដ៏ល្អបំផុតសម្រាប់កម្ពុជា»

បន្ថែមលើនេះ លោក ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ គឺដើម្បីឲ្យសិស្ស និស្សិត និងសហគ្រិនវ័យក្មេងនៅកម្ពុជា អាចសិក្សា និងបង្កើតនូវគំនិតឆ្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យា និងដើម្បីបង្កើតនូវគំរូអាជីវកម្មថ្មី ដើម្បីឲ្យមាននិរន្តរភាពសម្រាប់ដំណោះស្រាយរបស់ខ្លួននោះ។

លោកគូសបញ្ជាក់ថា «កម្មវិធីបណ្តុះឌីជីថលធុរកិច្ចថ្មីឆ្នាំ២០២១ មិនមែនធ្វើឡើងសម្រាប់តែនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះទេ តែក៏សម្រាប់និស្សិតទាំងអស់គ្នា នៅទូទាំងប្រទេសតែម្តង»

លោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងលោក ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានខិតខំជំរុញការបង្កើតប្រព័ន្ធអេកូឡូស៉ីសម្រាប់ធុរកិច្ចថ្មី។ ស្របគ្នានេះដែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននឹងកំពុងបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ដែលដំណាងដោយ KOICA ប្រចាំនៅកម្ពុជា។

លោក កៀន តាក់ បានបន្ថែមផងដែរថា «ក្រោមការដឹកនាំរបស់លោកសាកលវិទ្យាធិការ ជេត ជាលី យើងនឹងមានមជ្ឈមណ្ឌលថ្មីមួយទៀត គឺមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ និងសហគ្រាស ដែលនឹងសាងសង់នៅក្នុងបរិវេណ៣ នៃសកលវិទ្យាលភូមិន្ទភ្នំពេញ»