(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានលើកឡើងថា អាណត្តិទី៧ របស់សហព័ន្ធ គឺជាអាណត្តិយុទ្ធសាស្ដ្រដ៏សំខាន់បំផុត ដែលរូបលោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ ពិសេសលើការអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ការថ្លែងរបស់ប្រមុខសហព័ន្ធខាងលើ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២១ នៅថ្ងៃទី២៣ ខែធ្នូនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្របពេលលោក គៀត ច័ន្ទថារិទ្ធ ត្រូវបានគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្ដិថ្មីបន្ដទៀត។ មហាសន្និបាតនេះ ក៏មានការចូលរួមជាសាក្សីពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាផងដែរ។

ឆ្លើបតបជាមួយការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី ដែលជាអាណត្តិយុទ្ធសាស្ដ្រដ៏សំខាន់នេះដែរ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខំប្រឹងសិក្សា ស្រាវជ្រាវ និងស្វែងយល់បន្ថែមពីវិស័យកីឡានេះ ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងសហព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ ពិសេសទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ទន្ទឹមជាមួយគ្នា ប្រធានសហព័ន្ធដដែល ក៏បានដាក់ចេញនូវផែនការ ៧ចំណុចបន្ថែមទៀត ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់រៀបចំឲ្យបាន ក្នុងអាណត្តិទី៧ នេះផងដែរ រួមមាន៖

១- រៀបចំផែនការអភិវដ្ឍន៍កីឡាករ-កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមដំណាក់កាលទាំងក្នុង និងក្រៅប្រទេស ពិសេសការហ្វឹកហាត់ជំនាញគ្រូបង្វឹក ដែលមានគុណវុឌ្ឍ និងមានបទពិសោធន៍ខ្ពស់។
២-រៀបចំឲ្យមានការប្រកួតថ្នាក់ជាតិ-អន្ដរជាតិ ឲ្យបានច្រើន តាមតែអាចធ្វើបាន ។
៣-បំពាក់បំប៉ន់បន្ថែមនូវធនធានមន្ដ្រីរៀបចំការប្រកួត អាជ្ញាកណ្ដាល ជំនួយការអាជ្ញាកណ្ដាល ជំរុញឲ្យមានសមត្ថភាពក្លាយជាអាជ្ញាកណ្ដាលខ្នាតអន្ដរជាតិ។
៤-ខិតខំរិះរកវិធីសាស្ដ្រក្នុងការផ្សព្វផ្សាយ អូសទាញ យុវវ័យកម្ពុជាឲ្យស្រលាញ់ចូលចិត្ដ លេងកីឡាវាយកូនឃ្លីលើតុកនេះ ដែលជាកីឡាករមួយប្រទេស មិនត្រឹមតែដើម្បីសុខភាពរឹងមាំប៉ុណ្ណោះទេ តែគឺជាអាក្លាយទៅជាកីឡាករអាជីព និងអាចត្រូវបានជ្រើសរើសចូលជាកីឡាករជម្រើសជាតិផងដែរ។
៥-ជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលមកពីក្លិបនានាតាមរាជធានី-ខេត្ត បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ួន ដើម្បីទទួលបានការជ្រើសចូលជាកីឡាករជម្រើសជាតិ ដើម្បីចូលរួមការប្រកួតដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
៦-ខិតខំកៀគរការគាំទ្រ ជាថវិកា និងសម្ភារៈ ពីមជ្ឈដ្ឋាននានា ដើម្បីយកមកបម្រើដល់ការកសាងសហព័ន្ធ ជាពិសេសដើម្បីឧបត្ថម្ភដល់គ្រូបង្វឹកបរទេសឲ្យមកបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីកម្ពុជា។
៧- ខិតខំរៀបចំបំពាក់ឧបករណ៍ សម្ភារៈស្ដង់ដារ និងការផ្ដល់អាហារូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗ។

សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិទី៧ គឺមាន ១៧រូប ក្រៅពីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាប្រធាន គឺមានអនុប្រធានសហព័ន្ធចំនួន ៧រូប រួមមានលោក ដួង ហេង, លោក តែ សុខហុង, លោក ពុំ វិត្យា, លោក គឹម រស្មី, លោក លី សេងឃុង, លោក គុយ វ៉ាត និងលោក ចាន់ ពិសិដ្ឋ។ រីឯលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ខណៈលោក ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហេរញ្ញិក និងលោក ហេង សុខជាតិ ជាអគ្គលេខាធិការរង ព្រមទាំងសមាជិកចំនួន ៥នាក់ផ្សេងទៀត៕