(លីវើភូល)៖ ចាប់ពីឆ្នាំ២០១៧ ក្រុមហង្សក្រហម Liverpool ទើបសម្រេចបានការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លីគ League Cup (CARABAO Cup) សារជាថ្មីម្តងទៀត បន្ទាប់ពីបានយកឈ្នះក្រុម Leicester City ដោយការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីដោយលទ្ធផល ៥-៤ ក្រោយស្មើគ្នា ៣-៣ ដែលជាការវាយបកយ៉ាងអស្ចារ្យក្នុងកីឡដ្ឋាន Anfield។

ការស៊ុត ១គ្រាប់ចុងក្រោយរបស់ខ្សែប្រយុទ្ធ Diogo Jota បានធ្វើឲ្យក្រុមដឹកនាំដោយលោក Jurgen Klopp ត្រូវប៉ះក្រុម Arsenal ដែលបានទម្លាក់ក្រុម Sunderland ហើយក្រុម Chelsea យកឈ្នះក្រុម Brentford ត្រូវជួបក្រុម Tottenham Hotspur ដែលយកឈ្នះ West Ham United ដែលមានឱកាសឡើងប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតក្រុមការពារតំណែងជើងឯករដូវកាលចាស់ Manchester City បានធ្លាក់តាំងពីជុំទី៤ មកម្ល៉េះ។

សម្រាប់វគ្គ ៤ក្រុមចុងក្រោយ League Cup 2021-2022 បេក្ខភាពប្រជែងសុទ្ធតែធ្លាប់ឈ្នះពាននេះដូចជា ហង្សក្រហម Liverpool ជាម្ចាស់ជយលាភី ៨សម័យកាលច្រើនជាងគេដែលលើកចុងក្រោយនៅឆ្នាំ២០១១-១២ និងក្រុម Chelsea ធ្វើបាន ៥ដងជាមួយក្រុម Tottenham Hotspur លើកបាន ៤ដងហើយក្រុម Arsenal ធ្វើបានតែ ២ដងប៉ុណ្ណោះ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី០៦ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ សម្រាប់ការប្រកួត ២ជើងរកក្រុមប្រជែងវគ្គផ្តាច់ព្រ័ត្រ៕